ក្រុមហ៊ុនអ្នកឧកញ៉ា សួរ វីរៈ ទទួលបានការគាំទ្រលើគម្រោងអភិវឌ្ឍឆ្នេរព្រែកស្នេហ៍ នៅខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី របស់អ្នកឧកញ៉ា សួរ វីរៈ បានទទួលការគាំទ្រលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ (ឆ្នេរព្រែកស្នេហ៍) ស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពដឹកនាំវេទិកាសាធារណៈពិគ្រោះយោបល់ លើករណីគម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរសមុទ្រ(ឆ្នេរព្រែកស្នេហ៍) របស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ វេទិកានេះ ក៏មានការចូលរួមពី ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មន្ត្រីពាក់ព័ន្ធ តំណាងក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា វេទិកាសាធារណៈនេះ មានគោលបំណងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋ លើករណីគម្រោងអភិវឌ្ឍរមណីយដ្ឋានតំបន់ឆ្នេរសមុទ្រ (ឆ្នេរព្រែកស្នេហ៍) របស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស។

ប្រភពខាងលើ បានឱ្យដឹងបន្តថា អង្គវេទិកាសាធារណៈទាំងមូលបានរីករាយ អបអរសាទរ និងគាំទ្រ គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនខាងលើ ដើម្បីលើកកម្ពស់អភិវឌ្ឍឆ្នេរសមុទ្រ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ។ ចំពោះលក្ខណៈបច្ចេកទេសលម្អិតនៃគម្រោង និងការចូលរួមអភិវឌ្ឍគម្រោងរបស់ម្ចាស់ក្បាលដី ដែលពាក់ព័ន្ធ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងអាជ្ញាធរខេត្ត នឹងរៀបចំលម្អិតអំពីនីតិវិធីបន្តទៀត៕