ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការបង្កើតជួររដ្ឋាភិបាលថ្មី បន្ទាប់ពីមានការចរចារអស់រយៈពេលជាយូរ ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយ ក្នុងគោលបំណងរារាំងមិនឲ្យប្រទេសខ្លួនធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយកាន់តែជ្រៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមបញ្ជីគណៈរដ្ឋមន្ត្រីដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីបារាំង នៅថ្ងៃទី១២ ខែតុលា បានបង្ហាញថា លោក Jean-Noel Barrot នឹងនៅតែជារដ្ឋមន្ត្រីការបរទេសដដែល ខណៈពេលដែលរដ្ឋមន្ត្រីការងារលោកស្រី Catherine Vautrin នឹងប្តូរទៅកាន់តួនាទីដឹកនាំក្រសួងការពារជាតិ វិញ។
ជាមួយគ្នានេះ លោក Roland Lescure ដែលជាអ្នកស្មោះត្រង់ចំពោះលោក Macron នឹងក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងអាទិភាពកំពូលគឺការអនុម័តថវិកាជាតិ នៅឆ្នាំក្រោយ។
ដោយឡែក មេប៉ូលិសក្រុងប៉ារីស លោក Laurent Nunez នឹងត្រូវចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួសលផល Bruno Retailleau ដែលមកពីគណបក្សសាធារណរដ្ឋស្តាំនិយម បន្ទាប់ពីគណបក្សនេះបានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងរដ្ឋាភិបាលថ្មីឡើយ។ លោក Monique Barbut អតីតនាយកមូលនិធិសត្វព្រៃពិភពលោក (WWF) នៅប្រទេសបារាំង នឹងក្លាយជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ទន្ទឹមនឹងនេះ លោក Gerald Darmanin នឹងនៅតែជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Rachida Dati ដែលនឹងត្រូវកាត់ទោសនៅឆ្នាំក្រោយ ពីបទពុករលួយ នឹងនៅតែស្ថិតក្នុងតំណែងរបស់លោកស្រីដដែល ផងដែរ។
គួរឲ្យដឹងថា ជួររដ្ឋាភិបាលថ្មីរបស់បារាំង នឹងត្រូវបង្ហាញសេចក្តីព្រាងថវិកាឆ្នាំ២០២៦ របស់ខ្លួន នៅត្រឹមថ្ងៃទី១៤ ខែតុលា ដែលជាថ្ងៃផុតកំណត់ ដើម្បីធានាដល់ការត្រួតនិនិត្យផែនការមុនដំណាច់ឆ្នាំ។
ជម្រាបជូនផងដែរថា ជុំវិញការតែងតាំងរដ្ឋាភិបាលថ្មី បានកើនឡើង បន្ទាប់ពីលោក Macron បានសម្រេចជ្រើសតាំងលោក Lecornu ឲ្យក្លាយជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត បន្ទាប់ពីការលាលែងពីតំណែងបានត្រឹមតែប៉ុន្មានថ្ងៃ៕

