គណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជុំគីរី និងក្រុងបូកគោ ខេត្តកំពត។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំនោះ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសទាំង២នេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ និងជាទីកន្លែងដែលអាចបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ បង្កើនផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងខេត្តកំពត ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល CDC បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែនេះ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន


