ខេត្តកំពង់ឆ្នាំង នឹងមានរោងចក្រផ្គុំដំឡើងរថយន្ត តម្លៃជិត២០លានដុល្លារអាមេរិកឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណជិត ២០លានដុល្លារអាម៉េរិកនាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានប្រកាសអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគប្រមាណ ១៩,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤២កន្លែង។

យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្ត ដែលមានទីតាំងស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

គម្រោងវិនិយោគបង្កើត រោងចក្រផ្តុំដំឡើងរថយន្តនេះ គឺវិនិយោគដោយក្រុមហ៊ុនអនុវត្តគម្រោង TH AUTOMOTIVE MANUFACTURING CO., LTD.។

សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីដើមខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន