ទីបំផុត ឥណ្ឌា យល់ព្រមកាត់បន្ថយការទិញប្រេងពីរុស្ស៊ី ៥០% ក្រោយចរចាជាមួយអាមេរិក

អន្តរជាតិ

យោងតាមប្រភពមួយចេញពីសេតវិមាន បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌា កំពុងកាត់បន្ថយការនាំចូលប្រេងពីប្រទេសរុស្ស៊ីចំនួន ៥០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បាននិយាយទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងញូវដេលី បាននិងកំពុងធ្វើកិច្ចចរចាពាណិជ្ជកម្មប្រកបដោយផលិតភាព ដោយក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា បានសន្យាថានឹងកាត់បន្ថយការនាំចូលប្រេងរបស់ពួកគេពីរុស្ស៊ីចំនួន ៥០%។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងប្រេងរបស់ឥណ្ឌា ហាក់មិនទាន់បានធ្វើការអត្ថាធិប្បាយណាមួយទៅលើតួលេខនៃការកាត់បន្ថយនេះនៅឡើយនោះទេ។

គួរឲ្យដឹងថា ប្រេងរបស់រស្ស៊ីមានចំនួន ៣៦% នៃការនាំចូលប្រេងសរុបរបស់ឥណ្ឌា ឬប្រហែល ១,៧៥ លានបារ៉ែលក្នុងមួយថ្ងៃ។ ហើយកាលពីថ្ងៃទី១៥ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសន្យាថានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។

ជម្រាបជូនថា ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំ​ចូល​ប្រេង​ឆៅ​ធំ​ជាង​គេ​របស់​ពិភពលោក ដោយ​ពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​ពី​បរទេស​ជាង ៨៥% នៃ​តម្រូវ​ការ​របស់​ខ្លួន។ ទីក្រុងញូវដែលីពីមុនបានទិញប្រេងពីមជ្ឈិមបូព៌ា​ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២២ ប្រទេសនេះបានផ្លាស់ប្តូរយ៉ាងខ្លាំងទៅការនាំចូលប្រេងពីរុស្ស៊ីដែលមានតំលៃថោក ហើយឥឡូវនេះជាអ្នកប្រើប្រាស់ប្រេងរុស្ស៊ីធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន៕​