រយៈពេល៩ខែ ឆ្នាំ២០២៥នេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៤៤៥ ៣៩១ TEUs កើនឡើងចំនួន ២១,៧០% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែកញ្ញា និង ៩ខែដើមឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញសម្រាប់៩ខែ ដើមឆ្នាំ២០២៥នេះ មានចំនួន ៤៤៥ ៣៩១ TEUs កើនចំនួន ២១,៧០% ធៀបនឹងឆ្នាំ២០២៤។
ប្រភពដដែលបានឱ្យដឹងទៀតថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ បរិមាណទំនិញ ប្រេងឥន្ធនៈឆ្លងកាត់ មាន ៤ ១៨៥ ៧០១តោន កើនឡើង ១៦,៧៦% បរិមាណកុងតឺន័រឆ្លងកាត់ ៤៤៥ ៣៩១ ធីអ៊ីយូ កើនឡើង២១,៧០% បរិមាណនាវាចូលសរុប ២ ៧៨០គ្រឿង ថយចុះ១,៤៩% បរិមាណនាវាដឹកអ្នកដំណើរមាន ២៧០គ្រឿង កើនឡើង ៥,៨៨% និង ចំនួនអ្នកដំណើរឆ្លងកាត់មានចំនួន ២៦ ៣៩២នាក់ កើនឡើង ១១,៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ដោយឡែកបើគិតក្នុងខែកញ្ញា ឆ្នាំ២០២៥វិញ បរិមាណទំនិញ ប្រេងឥន្ធនៈឆ្លងកាត់ មាន ៤៨៤ ៧៤៩តោន កើនឡើង ១៤,២០% បរិមាណកុងតឺន័រឆ្លងកាត់មាន ៥៤ ៦១៣គ្រឿង កើនឡើង ៤,៤៦% បរិមាណនាវាសរុប ៣០៩គ្រឿង ថយចុះ ៦,៦៥% បរិមាណនាវាដឹកអ្នកដំណើរមាន៤០គ្រឿង កើនឡើង ១៧,៦៥% និង ចំនួនអ្នកដំណើរឆ្លងកាត់មានចំនួន៣ ១៦២ កើនឡើង ២៩,៨៦% បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៤៕


