លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យប្រតិភូ និងម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា (Miss Universe Cambodia) ឆ្នាំ២០២៥ ថៃ នារីសុជាតា (ហ្វីយ៉ាតា) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ឈួង យីវឆូយ ប្រធានប្រតិភូកញ្ញាឯកចក្រវាឡកម្ពុជា ក៏បានជម្រាបជូនពីព័ត៌មាននៃដំណើរការផ្សេងៗនៃកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា និងគោលបំណងមួយចំនួនដែលថ្នាក់ដឹកនាំ និងម្ចាស់ពានកញ្ញាឯកចក្រវាឡកម្ពុជា មានបំណងចូលរួមចំណែកជួយក្នុងសកម្មភាពនានារបស់សមាគមសិល្បករខ្មែរ។
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានសម្តែងក្តីសោមនស្ស និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូក្រុមការងារកញ្ញាឯកចក្រវាឡកម្ពុជា និងការលើកឡើងពីគោលបំណងចូលរួមចំណែកនៃការជួយលើកតម្កើងសិល្បៈវប្បធម៌ និងការងារសង្គមជាតិ តាមរយៈសកម្មភាពរបស់សមាគមសិល្បករខ្មែរ។
ផ្តើមការងារដំបូង សមាគមសិល្បករខ្មែរ និងកញ្ញាឯកចក្រវាឡកម្ពុជា នឹងរួមគ្នាផលិតវីដេអូផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជានៅចុងឆ្នាំ២០២៥នេះ។ ក្រៅពីនោះនៅមានការងារជាច្រើនផ្សេងទៀត ដែលត្រូវធ្វើរួមគ្នាជាបន្តនាពេលខាងមុខ៕





