កម្ពុជា និងសភាពាណិជ្ជកម្មប៊ុលហ្គារី បានឯកភាពគ្នា សហការរៀបចំឱ្យមានកម្មវិធីជំរុញពាណិជ្ជកម្ម និងការរៀបចំផ្គូរផ្គងធុរកិច្ចតាមប្រព័ន្ធ Video Conference សំដៅពង្រឹង និងពង្រីកការនាំចេញរបស់កម្ពុជា។

នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាង លោក សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក សំ សិទ្ធិស័ក្តិ បានជម្រាបជូនអំពីកសិផលសក្តានុពលរបស់កម្ពុជាដល់សភាពាណិជ្ជកម្មប៊ុលហ្គារី ដែលអាចឱ្យសភាពាណិជ្ជកម្មប្រទេសប៊ុលហ្គារី ពិនិត្យលទ្ធភាពក្នុងការសិក្សាដើម្បីនាំចេញ ឬវិនិយោគលើការកែឆ្នែ និងវេចខ្ចប់ទៅកាន់ទីផ្សារអឹរ៉ុប។

ជាមួយគ្នានេះ ភាគទីទាំងពីរ ក៏បានឯកភាពគ្នាក្នុងរៀបចំក្រុមការងារ ដើម្បីសហការរៀបចំឱ្យមានកម្មវិធីជំរុញពាណិជ្ជកម្ម និងការរៀបចំផ្គូរផ្គងធុរកិច្ចតាមប្រព័ន្ធ Video Conference ជាដើម សំដៅពង្រឹង និងពង្រីកការនាំចេញរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងកសិកម្ម នាថ្ងៃទី២០ដដែលនោះ លោក Maxim Behar ក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាមួយគ្នានោះ លោកក៏ ចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជាផងដែរ៕


