តម្លៃមាសអន្តរជាតិធ្លាក់ដាំក្បាលចុះយ៉ាងគំហុក បន្ទាប់ពីបានឡើងដល់កម្រិតបំបែកកំណត់ត្រា​

អន្តរជាតិ

តម្លៃមាស Spot ត្រូវវបានគេរាយការណ៍ថា បានធ្លាក់ចុះយ៉ាងខ្លាំងអស់ជាង ៣០០ដុល្លារក្នុងមួយអោន ដែលជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បាននិយាយទៀតថា នៅថ្ងៃទី២១ ខែតុលា តម្លៃមាសនៅក្នុងការជួញដូរចុងក្រោយ នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៥,៥% មកនៅត្រឹម ៤ ១១៥ដុល្លារ ក្នុងមួយអោនប៉ុណ្ណោះ ដែលជាការធ្លាក់ចុះខ្លាំងបំផុត គិតចាប់តាំងពីខែសីហា ឆ្នាំ២០២០ មក។​ ប៉ុន្តែនៅមួយម៉ោងក្រោយមក បន្ទាប់ពីការជួញដូរ តម្លៃមាសបានស្ទុះងើបឡើងវិញបន្តិច ដល់ចំនួនប្រហែល ៤ ១៤០ដុល្លារក្នុងមួយអោន។

យ៉ាងណាមិញ គិតនៅត្រឹមថ្ងៃទី២២ ខែតុលា តម្លៃមាស បានបន្តធ្លាក់ចុះបន្ថែមទៀត ដោយមកនៅត្រឹមចំនួន ៤ ១០០ដុល្លារក្នុងមួយអោនប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះអស់ ៧,៥% ពីកម្រិតខ្ពស់បំផុត។

គួរឲ្យដឹងផងដែរថា បើតាមលោក Danielle DiMartino Booth ដែលបានបម្រើការជាទីប្រឹក្សារបស់អតីតប្រធានធនាគារកណ្តាល Dallas លោក Richard Fisher ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៥ បានបង្ហាញឲ្យដឹងថា ជុំវិញមូលហេតុនៃការធ្លាក់ចុះយ៉ាងគំហុកនេះ​ គឺដោយសារតែលទ្ធផលនៃការលក់ចេញមាសដោយបង្ខំ ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ ដែលធ្វើឲ្យចំនួនមាសកើនឡើងខ្លាំងនៅក្នុងទីផ្សារ។

ជម្រាបជូនថា តម្លៃពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់ ៤ ៣៨១ដុល្លារក្នុងមួយអោន គិតនៅថ្ងៃទី២០ ខែតុលា ពោលគឺកើនឡើង ៦០% បើធៀបនឹងដើមឆ្នាំនេះ ដែលជំរុញដោយកត្តាជាច្រើនដូចជាភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ការរំពឹងទុកនៃអត្រាការប្រាក់ទាប និងតម្រូវការមាសពីធនាគារកណ្តាល ជាដើម៕​