ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត លើក្រុមហ៊ុន Jaguar Land Rover (JLR) កាលពីខែសីហា បានធ្វើឲ្យសេដ្ឋកិច្ចរបស់អង់គ្លេសរងនូវការខាតបង់ទឹកប្រាក់អស់ប្រមាណ ១,៩ពាន់លានផោន (ឬប្រហែល ២,៥៥ពាន់លានដុល្លារ) និងប៉ះពាល់ដល់អង្គភាពជាង ៥ ០០០ ផ្សេងទៀត នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមរបាយការណ៍ដែលទទួលបានពីមជ្ឈមណ្ឌលត្រួតពិនិត្យតាមអ៊ីនធឺណិត (CMC) ដែលជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញដែលបង្កើតឡើងដោយអ្នកជំនាញក្នុងឧស្សាហកម្ម និងជាអតីតមជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេស (NCSC) បាននិយាយថាការខាតបង់អាចខ្ពស់ជាងនេះ ប្រសិនបើមានការពន្យារពេលដែលមិននឹកស្មានដល់ចំពោះការស្ដារឡើងវិញនូវការផលិតនៅក្នុងក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេស ក្រោយការរងវាយប្រហារនេះ។
មិនតែប៉ុណ្ណោះ របាយការណ៍ពី CMC បាននិយាយទៀតថា៖ “ឧប្បត្តិហេតុនេះហាក់ដូចជាព្រឹត្តិការណ៍អ៊ីនធឺណេតដ៏ធំមួយដែលបានបំផ្លាញសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសយ៉ាងធ្ងន់ធ្ងរ ដោយភាគច្រើននៃផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុគឺដោយសារតែការបាត់បង់ទិន្នផលផលិតកម្មនៅ JLR និងអ្នកផ្គត់ផ្គង់របស់ពួកគេ” ។
ជម្រាបជូនថា JLR បានចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញនៅដើមខែនេះ បន្ទាប់ពីបិទជិតប្រាំមួយសប្តាហ៍ដែលបណ្តាលមកពីការលួចចូល។ ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណីតនេះ មានរោងចក្រចំនួនបីក្នុងប្រទេសអង់គ្លេស ដែលរោងចក្រទាំងនោះអាចផលិតរថយន្តសរុបប្រហែល ១ ០០០ គ្រឿងក្នុងមួយថ្ងៃ៕

