ក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ នាពេលខាងមុខ សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំនៃអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ផងដែរ។
លោក សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលគ្របដណ្តប់លើវិស័យពាក់ព័ន្ធជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការគយ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ហាឡាល ស្តង់ដារនីយកម្ម មាត្រាសាស្រ្ត សហគ្រាសធុនតូច និងមធ្យម កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធនធានទឹក ជីវចម្រុះ ការដឹកជញ្ជូន សុខាភិបាល ការអប់រំ និងទេសចរណ៍។ល។

ពាក់ព័ន្ធនឹងការជំរុញវិស័យអាទិភាពនេះដែរ សភាអង់គ្លេស និងក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានប្តេជ្ញារួមគ្នាជំរុញបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដោយផ្តោតលើកំណើនប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព តំបន់សេដ្ឋកិច្ចពិសេសបៃតង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍នៃប្រទេសទាំងពីរផងដែរ។ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាមួយ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕អទ្ថបទ៖ហ្សាលីន

