ឧកញ៉ា លឹម សុជាតិ ចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ «CAMFOOD+CAMHOTEL 2025»

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏​ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងមតិចំណាប់អារម្មណ៍ក្នុងពិធីបើក​សម្ពោធ​ពិព័រណ៍ «CAMFOOD+CAMHOTEL 2025» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ CAMFOOD+CAMHOTEL 2025 នេះរៀបចំឡើងក្នុង​គោលបំណង​ផ្តល់ឱកាសដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបរិក្ខារសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មក្នុង​វិស័យ​ទេសចរណ៍ បានជួបជាមួយម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មក្នុងវិស័យទេសចរណ៍ (Supply and Demand Matching) ដោយមានការចូលរួមពីក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកមានចំនួនសរុបប្រមាណ ៣០០ ក្រុមហ៊ុន និងជាពិសេសមានការចូលរួមពីអ្នកជំនាញជាង ៦០០០ នាក់ ដើម្បីទស្សនាពិព័រណ៍ និងជួបជុំ​ជជែកស្វែងយល់គ្នាទៅវិញទៅមក សំដៅពង្រីកបណ្តាញទំនាក់ទំនងជាមួយដៃគូទាំងក្នុងកម្រិតតំបន់ និងកម្រិត​សកលលោក។

ឯកឧត្តម ហួត ហាក់ បានថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ដ៏ធំនេះថា  ព្រឹត្តិការណ៍នេះ បានផ្តល់ឱកាស​សម្រាប់​អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិក្នុងការបង្កើតបណ្តាញ និងចូលរួមពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ជាមួយនឹងគោលបំណងសំខាន់ក្នុងការលើកកម្ពស់កំណើនអាជីវកម្ម និងពង្រីក ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ការរៀបចំពិព័រណ៍នេះ ក៏នាំមកនូវឱកាសថ្មីសម្រាប់អ្នកផ្គត់ផ្គង់ អ្នកចែកចាយ​ក្នុងស្រុក និងអន្តរជាតិ ដើម្បីជួបជាមួយអ្នកជំនាញមកពីឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច រួមទាំងអ្នក​ផលិតអាហារ និងភេសជ្ជៈឈានមុខគេលំដាប់អន្តរជាតិផងដែរ។

ក្នុងឱកាសនេះដែរ ឧកញ៉ា លឹម សុជាតិ បានលើកឡើងថា តាមរយៈការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ក្នុង​ស្រុក​កម្រិតអន្ដរជាតិនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលរបស់ខ្លួន ស្វែងរក​ទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជាមិត្ត ជាពិសេសបានចូលរួមផ្សព្វផ្សាយ អំពីវប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងតំបន់ទេសចរណ៍ស្អាតៗ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ ចូលមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត៕