ថ្នាក់ដឹកនាំកំពូូល និងអ្នកឧកញ៉ាច្រើនរូបអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់

ជុំវិញ​ឧកញ៉ា

មហាឧបាសិកា យិប ថាំកេសន បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទីរសៀលក្នុងជន្មាយុ៩៩ឆ្នាំដោយជរាពាធ។ ពិធីបុណ្យសពមហាឧបាសិកា យិប ថាំកេសន ត្រូវជាម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាជីដូនបង្កើតឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ស្ថិតនៅក្រុងខេមភូមិន្ទ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការ មានគណៈប្រតិភូជាច្រើនក្រសួង ស្ថាប័ន និងវិស័យឯកជនអញ្ជើញចូលរួមដាក់កម្រផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្រ្តី, ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធដដែលនេះអ្នកឧកញ៉ា ឧកញ៉ា និងគណៈប្រតិភូពីវិស័យឯកជនជាច្រើនក្រុមហ៊ុនចូលរួម ដូចជា៖ អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយក​ក្រុមហ៊ុន LHR Asean Inversment, អ្នកឧកញ៉ា លី​ យ៉ុង ផាត់ អគ្គនាយកក្រុមហ៊ុន L.Y.P Group, អ្នកឧកញ៉ា កុក អាន ស្ថាបនិកក្រុមហ៊ុន អានកូ គ្រុប, អ្នកឧកញ៉ា​ ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក​ក្រុមហ៊ុន​ទូកល្បឿនលឿន GTVC Speedboat Cambodia និងអ្នកឧកញ៉ា ជា ទ្រី អគ្គនាយកក្រុមហ៊ុន ហុង ឡេងហ៊ួរ គ្រុប ជាដើម។

សូមជម្រាបជូនបន្ថែមថា នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងគណៈប្រតិភូតាមក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនក៏បានអញ្ជើញចារលើសៀវភៅមរណទុក្ខជាមួយក្រុមគ្រួសារ នៃសពមហាឧបាសិកា យិប ថាំកេសន ផងដែរ៕