ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាប្រធានគណៈកម្មការរដ្ឋបាល ហិរញ្ញវត្ថុ និងធនាគារ ដើម្បីដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជារួមមាន អ្នកឧកញ៉ា ហាន់ ឃាង, អ្នកឧកញ៉ា ហេង ឡុង, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ អមដំណើរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕

ក្រសួងការបរទេស និងសហប្រត្តិការអន្តរជាតិ នាថ្ងៃទី២៣ ខែតុលា បានឱ្យដឹងថា ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២៥។
ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈម នានាក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក៕







