ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍ និងមានគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែក។

ការបង្ហាញពីការចាប់អារម្មណ៍ និងគម្រោងរបស់ក្រុមហ៊ុន ក្នុងជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Wang Huan តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ផ្លូវថ្នល់ចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន-ផ្លូវថ្នល់ចិនប្រចាំកម្ពុជា (CRBC) ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិស័យអាទិភាព ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ លើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ ជាពិសេសការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជាមួយគោលនយោបាយលើកទឹកចិត្ត ដោយផ្តោតលើតំបន់ដែលមានសក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដោយឈរលើការអភិរក្ស និងអភិវឌ្ឍ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែក សហគមន៍ លើកកម្ពស់ជីវភាពប្រជាជន និងរួមចំណែកការកាត់បន្ថយភាពក្រីក្រ។
មួយគ្នានេះដែរ លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានស្នើលោក Wang ទាក់ទាញវិនិយោគិនមកធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តាមខេត្តជាប់ដងព្រែកបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០គីឡូម៉ែត្រ គឺជាគម្រោងដែលនឹងប្រើប្រាស់ព្រែកធម្មជាតិ និងជាប្រវត្តិសាស្រ្តដែលមានស្រាប់របស់កម្ពុជាតាំងតែពីសម័យហ្វូណន។ ក្នុងនោះដែរ កំណាត់ផ្លូវទឹកប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រជាការពង្រីកបន្ថែមលើផ្លូវទឹកដែលមានស្រាប់ ចំណែក ៣៨គីឡូម៉ែត្រជាការតម្រង់ផ្លូវទឹកដែលមានភាពបត់បែនច្រើន និងមានត្រឹមតែ ៧គីឡូម៉ែត្រចុងក្រោយប៉ុណ្ណោះដែលតម្រូវឱ្យមានការជីកព្រែកថ្មីដើម្បីតភ្ជាប់ទៅសមុទ្រ។
គម្រោងនេះជាការទាញសមុទ្ទឱ្យភ្ជាប់ជាមួយទន្លេ ដោយអាចអនុញ្ញាតឱ្យនាវាស្តង់ដា អន្តរជាតិចំណុះ ១០០០ តោន និងស្តង់ដាចិនចំណុះ ៣០០០ តោន ចរាចរឆ្លងកាត់បានដោយងាយ។ គម្រោងនេះប្រើរយៈពេលនៅក្នុងការសាងសង់ ៤៨ ខែដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
គម្រោងនេះដែរ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។គម្រោងផ្លូវទឹកថ្មីនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក៕

