អ្នកឧកញ៉ា សួរ វីរៈ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្គត់ផ្គង់ និងនាំចេញ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្គត់ផ្គង់ និងនាំចេញ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ រវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប (Vireak Buntham Group) និងក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី (CAG Wholesaler Pty Ltd) ដើម្បីនាំអង្ករខ្មែរ ទៅលក់នៅទីផ្សារប្រទេស​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Hoy Chiu Be នាយកគ្រប់គ្រងក្រុមហ៊ុន អេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី បានថ្លែងថា ក្នុងរយៈពេល​ប្រមាណពីរឬបីឆ្នាំចុងក្រោយនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានគុណភាពពុំសូវល្អ ហើយ​លក់​ចេញមិនសូវបានច្រើននោះទេ ប៉ុន្តែពេលនេះ លោកជឿជាក់លើក្រុមហ៊ុន វីរៈ ប៊ុនថាំ ថានឹងអាចផ្គត់ផ្គង់​នូវ​អង្ករ​ដែល​​មានគុណភាពខ្ពស់ នាំចេញទៅក្រៅប្រទេស។

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ថ្មីៗនេះក្រុមហ៊ុន វិរៈ ប៊ុនថាំ បានផ្តោត​លើវិស័យកសិកម្ម។ គោលបំណងធំ​វិនិយោគលើវិស័យកសិកម្មនេះ គឺដើម្បីជួយដល់កសិករ និងជំរុញផលិតផលខ្មែរយើងទៅកាន់ប្រទេសក្រៅ។ អ្នកឧកញ៉ា បន្តថាយើងឃើញថា វិស័យកសិកម្មរបស់កម្ពុជាកន្លងមកនេះ បានពឹងលើដង្ហើមប្រទេសជិតខាង ហើយការនាំ​កសិផល ក៏ដូចជាការនាំអង្ករទៅកាន់ប្រទេសក្រៅ កន្លងមកមិនមានយីហោរបស់ខ្មែរទេ និងមិនមាន​ឈ្មោះអង្ករ​ខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញឱ្យមានយីហោ​អង្ករខ្មែរ​នៅ​លើ​ទីផ្សារអន្តរជាតិ។ បច្ចុប្បន្នការនាំចេញអង្ករខ្មែរ ទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ខាងប្រទេសឡាវ​បាន​ឯកភាពអនុញ្ញាត និងកំពុងរង់ចាំនីតិវិធីផ្សេងៗទៀត។

«សូមអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន អេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី ដែលបានទុកចិត្តក្រុមហ៊ុន វិរៈ ប៊ុនថាំ។ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងព្យាយាមឱ្យអស់លទ្ធភាព ហើយធានាលើគុណភាព និងស្តង់ដាការនាំចេញអង្ករ​នេះ ហើយក្រុមហ៊ុន​គ្រោង​នឹងនាំចេញ​ផលិតខ្មែរ​ផ្សេងៗទៀត នាពេលអនាគត។ ថ្មីៗនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បាន​ដាក់​លក់​អង្ករ​ក្នុងស្រុកនៅតាមសាខាក្រុមហ៊ុន ហើយទទួលបានការគាំទ្រជាច្រើនផងដែរ»។ អ្នកឧកញ៉ា បានបន្ថែម។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ២០០៤ ផ្តើមពី​ក្រុមហ៊ុនដឹកជញ្ជូន​ភ្ញៀវមានរថយន្តតែមួយគ្រឿងទេ និងបានបន្តអាជីវកម្មការដឹកជញ្ជូននិងបញ្ញើរ ហើយរហូតមក​ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានសាខាប្រមាណជាង ១៣០០សាខាទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកប្រមាណ ៨០០០នាក់។ បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកវិសាលភាពលើអាជីវកម្មច្រើនប្រភេទរួមមាន៖ ការដឹកជញ្ជូនភ្ញៀវ បញ្ញើរទំនិញ សណ្ឋាគារ រីស៊ត ការអភិវឌ្ឍដីធ្លី ក្រុមហ៊ុន VETAirways រួមទាំង​វិស័យកសិកម្មផងដែរ៕