អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្គត់ផ្គង់ និងនាំចេញ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ រវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប (Vireak Buntham Group) និងក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី (CAG Wholesaler Pty Ltd) ដើម្បីនាំអង្ករខ្មែរ ទៅលក់នៅទីផ្សារប្រទេសអូស្ត្រាលី។

លោក Hoy Chiu Be នាយកគ្រប់គ្រងក្រុមហ៊ុន អេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី បានថ្លែងថា ក្នុងរយៈពេលប្រមាណពីរឬបីឆ្នាំចុងក្រោយនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានគុណភាពពុំសូវល្អ ហើយលក់ចេញមិនសូវបានច្រើននោះទេ ប៉ុន្តែពេលនេះ លោកជឿជាក់លើក្រុមហ៊ុន វីរៈ ប៊ុនថាំ ថានឹងអាចផ្គត់ផ្គង់នូវអង្ករដែលមានគុណភាពខ្ពស់ នាំចេញទៅក្រៅប្រទេស។
អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ថ្មីៗនេះក្រុមហ៊ុន វិរៈ ប៊ុនថាំ បានផ្តោតលើវិស័យកសិកម្ម។ គោលបំណងធំវិនិយោគលើវិស័យកសិកម្មនេះ គឺដើម្បីជួយដល់កសិករ និងជំរុញផលិតផលខ្មែរយើងទៅកាន់ប្រទេសក្រៅ។ អ្នកឧកញ៉ា បន្តថាយើងឃើញថា វិស័យកសិកម្មរបស់កម្ពុជាកន្លងមកនេះ បានពឹងលើដង្ហើមប្រទេសជិតខាង ហើយការនាំកសិផល ក៏ដូចជាការនាំអង្ករទៅកាន់ប្រទេសក្រៅ កន្លងមកមិនមានយីហោរបស់ខ្មែរទេ និងមិនមានឈ្មោះអង្ករខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញឱ្យមានយីហោអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ។ បច្ចុប្បន្នការនាំចេញអង្ករខ្មែរ ទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ខាងប្រទេសឡាវបានឯកភាពអនុញ្ញាត និងកំពុងរង់ចាំនីតិវិធីផ្សេងៗទៀត។
«សូមអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន អេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី ដែលបានទុកចិត្តក្រុមហ៊ុន វិរៈ ប៊ុនថាំ។ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងព្យាយាមឱ្យអស់លទ្ធភាព ហើយធានាលើគុណភាព និងស្តង់ដាការនាំចេញអង្ករនេះ ហើយក្រុមហ៊ុនគ្រោងនឹងនាំចេញផលិតខ្មែរផ្សេងៗទៀត នាពេលអនាគត។ ថ្មីៗនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានដាក់លក់អង្ករក្នុងស្រុកនៅតាមសាខាក្រុមហ៊ុន ហើយទទួលបានការគាំទ្រជាច្រើនផងដែរ»។ អ្នកឧកញ៉ា បានបន្ថែម។
អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ២០០៤ ផ្តើមពីក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវមានរថយន្តតែមួយគ្រឿងទេ និងបានបន្តអាជីវកម្មការដឹកជញ្ជូននិងបញ្ញើរ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានសាខាប្រមាណជាង ១៣០០សាខាទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកប្រមាណ ៨០០០នាក់។ បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកវិសាលភាពលើអាជីវកម្មច្រើនប្រភេទរួមមាន៖ ការដឹកជញ្ជូនភ្ញៀវ បញ្ញើរទំនិញ សណ្ឋាគារ រីស៊ត ការអភិវឌ្ឍដីធ្លី ក្រុមហ៊ុន VETAirways រួមទាំងវិស័យកសិកម្មផងដែរ៕
















