តម្លៃមាសអន្តរជាតិ ត្រូវបានគេរាយការណ៍ថាបានហក់ឡើងសារជាថ្មីម្តងទៀត ចំពេលធនាគារកណ្តាលអាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការជួញដូរចុងក្រោយនៅថ្ងៃទី២៩ ខែតុលា តម្លៃមានអន្តរជាតិបានធ្លាក់ចុះ ២២ដុល្លារ ភ្លាមៗ មកនៅត្រឹម ៣ ៩២៩ដុល្លារ ក្នុងមួយអោន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងវគ្គជួញដូរគិតនៅត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា តម្លៃមាសបានហក់ឡើងមកវិញ ដោយបានកើនឡើង ៣១ដុល្លារ មកដល់ចំនួន ៣ ៩៦០ដុល្លារ ក្នុងមួយអោន វិញ។
នៅលើកាសែត Wall Street Journal អ្នកវិភាគបាននិយាយថា ការកើនឡើងនេះ អាចបណ្តាលមកពីការបញ្ចេញមតិយោបល់ពីប្រធានធនាគារកណ្តាល Fed លោក Jerome Powell ដោយបានបង្ហើបថា ទីភ្នាក់ងាររបស់លោក នឹងមិនប្រាកដអំពីការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនោះឡើយ នៅក្នុងកិច្ចប្រជុំនាខែធ្នូខាងមុខ។
គួរឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែធ្នូ ធនាគារកណ្តាល Fed បានសម្រេចកាត់បន្ថយអត្រាការប្រាក់ ២៥ពិន្ទុ ឬ ០,២៥% ដែលធ្វើឲ្យអត្រាការប្រាក់បច្ចុប្បន្ន ធ្លាក់មកនៅត្រឹម ៣,៧៥-៤% ។
ជម្រាបជូនថា តម្លៃមាសបានកើនឡើង ៥១% គិតចាប់តាំងពីដើមឆ្នាំនេះ ដែលភាគច្រើនដោយសារតែភាពតានតឹងពាណិជ្ជកម្ម និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ តម្លៃបានឈានដល់កម្រិតកំពូលបំបែកកំណត់ត្រាខ្ពស់បំផុត ៤ ៣៨១ដុល្លារក្នុងមួយអោន នៅថ្ងៃទី២០ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ សប្តាហ៍នេះ តម្លៃបានធ្លាក់ចុះជាង ៣% ដែលមួយផ្នែកដោយសារតែភាពស្ងប់ស្ងាត់នៃភាពតានតឹងពាណិជ្ជកម្ម៕

