គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជួបពិភាក្សាគ្នានៅច្រកព្រំដែនអូរស្មាច់ រៀបចំផែនការជាក់លាក់ សម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់នៅបណ្ដោយព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានជួបពិភាក្សាគ្នានៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីរៀបចំផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។

ក្រោយប្រជុំពិភាក្សាជាច្រើនម៉ោង កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេចនូវការរីកចម្រើនជាវិជ្ជមានគួរឱ្យកត់សម្គាល់តាមរបៀបវារៈនៃកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលរសៀល។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់៕