ក្រុមហ៊ុន វិរៈប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេបំផុត ដែលហ៊ានទិញស្រូវពីកសិករ ក្នុងតម្លៃមួយគីឡូ ៩៥០រៀល ចំនួន ៣០,០០០តោន។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “ក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងបំផុតដែលហ៊ានទិញស្រូវពីកសិកររតំលៃ ៩៥០៛ ចំនួន ៣០,០០០តោន ព្រោះចង់ជួយកសិករ”។ សាររបស់អ្នកឧកញ៉ា បានទទួលការគាំទ្រជាច្រើនពីសាធារណៈជន ពិសេសជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់បងប្អូនប្រជាកសិករខ្មែរ។
មួយរយៈចុងក្រោយនេះ តម្លៃស្រូវរបស់ប្រជាកសិករខ្មែរ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ធ្វើឱ្យសាធារណៈជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម ផ្ទុះការវែកញ៉ែកយ៉ាងខ្លាំងអំពីមូលហេតុពិតប្រាកដ ដែលមតិខ្លះថាមកពីឈ្មួញកណ្តាលមួយចំនួនបានម៉ៅទិញផ្តាច់មុខនៅតាមបណ្តាខេត្ត និងមតិខ្លះថាមកពីពឹងតែលើទីផ្សារវៀតណាម ជាដើម។
ទោះយ៉ាងណា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដឹងអំពីបញ្ហាស្រូវធ្លាក់ថ្លៃ និងការវែកញ៉ែកលើបណ្តាញសង្គមផងដែរ។ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវវិធានការប្រែក្លាយការអាណិតអាសូរ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមថ្លៃស្រូវដល់បងប្អូនកសិករ។ វិធានការទាំងនោះរួមមាន៖ រោងម៉ាសុីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ, ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងជំពាក់, ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី, អ្នកហូបជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាសុីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍។
សូមជម្រាបថា ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ ថ្មីៗនេះបានគិតគូរនិងបានបោះទុនវិនិយោគជាច្រើនលើវិស័យកសិកម្ម។ ជាពិសេស ការប្រមូលទិញស្រូវអង្ករពីបងប្អូនប្រជាកសិករខ្មែរ ដើម្បីចែកចាយលក់នៅតាមបណ្តាសាខារបស់ក្រុមហ៊ុន វិរៈប៊ុនថាំ ទូទាំងប្រទេស ព្រមទាំងការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិផងដែរ៕




