អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ ប្រកាសទិញស្រូវពីកសិករខ្មែរ ក្នុងតម្លៃមួយគីឡូ ៩៥០រៀល ចំនួន ៣០,០០០តោន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈប៊ុនថាំ ជាក្រុមហ៊ុនដំបូងគេបំផុត ដែលហ៊ានទិញស្រូវពីកសិករ ក្នុងតម្លៃមួយគីឡូ ៩៥០រៀល ចំនួន ៣០,០០០តោន។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “ក្រុមហ៊ុនវីរ:ប៊ុនថាំ ជាក្រុមហ៊ុនដំបូងបំផុតដែលហ៊ានទិញស្រូវពីកសិកររតំលៃ ៩៥០៛ ចំនួន ៣០,០០០តោន ព្រោះចង់ជួយកសិករ”។ សារ​របស់អ្នកឧកញ៉ា បានទទួលការគាំទ្រជាច្រើនពីសាធារណៈជន ពិសេសជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់​បងប្អូន​ប្រជាកសិករខ្មែរ។

មួយរយៈចុងក្រោយនេះ តម្លៃស្រូវរបស់ប្រជាកសិករខ្មែរ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ធ្វើឱ្យ​សាធារណៈជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម ផ្ទុះការវែកញ៉ែកយ៉ាងខ្លាំងអំពីមូលហេតុពិតប្រាកដ ដែល​មតិ​ខ្លះ​ថា​មក​ពីឈ្មួញ​កណ្តាល​មួយចំនួនបានម៉ៅទិញផ្តាច់មុខនៅតាមបណ្តាខេត្ត និងមតិខ្លះថា​មកពីពឹងតែលើទីផ្សារវៀតណាម​ ជាដើម។

ទោះយ៉ាងណា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដឹងអំពីបញ្ហា​ស្រូវ​ធ្លាក់ថ្លៃ និង​ការ​វែក​ញ៉ែក​លើបណ្តាញសង្គម​ផងដែរ។ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បាន​ប្រកាសដាក់ចេញនូវវិធានការ​ប្រែក្លាយការ​អាណិត​អាសូរ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីជួយដោះស្រាយ​បញ្ហាប្រឈមថ្លៃស្រូវដល់បងប្អូនកសិករ។ វិធានការ​ទាំង​នោះរួមមាន៖ រោងម៉ាសុីនជួយទិញស្រូវពី​កសិករ​ក្នុងតម្លៃសមរម្យ, ម្ចាស់ដេប៉ូជីថ្នាំជួយពន្យាការទូទាត់សងជំពាក់, ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី, អ្នកហូបជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាសុីន​ដៃគូដែលបានទិញស្រូវ​ពីកសិករនិងសហគមន៍។

សូមជម្រាបថា ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ ថ្មីៗនេះបានគិតគូរនិងបានបោះទុន​វិនិយោគ​ជាច្រើនលើវិស័យកសិកម្ម។ ជាពិសេស ការប្រមូលទិញស្រូវអង្ករពីបងប្អូនប្រជាកសិករខ្មែរ ដើម្បីចែកចាយ​លក់​នៅ​តាមបណ្តាសាខារបស់ក្រុមហ៊ុន វិរៈប៊ុនថាំ ទូទាំងប្រទេស ព្រមទាំងការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិផងដែរ៕