កូនប្រុសពៅរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈ្មោះ គិត ស៊ូឡុង បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា នៅប្រទេសសិង្ហបុរី កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ និងគ្រោងបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ នៅឆ្នាំក្រោយ។

អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី៤ ខែវិច្ឆិកា បែបនេះថា៖ “ថ្ងៃនេះ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កូនប្រុសពៅរបស់ខ្ញុំ គិត ស៊ូឡុង បានបញ្ចប់ថ្នាក់បឋមសិក្សាហើយ នៅប្រទេសសិង្ហបុរី។ វាហាក់ដូចជាកាលពីម្សិលមិញដែល ស៊ូឡុង កំពុងរៀនចងស្បែកជើងខ្លួនឯង កាន់ដៃខ្ញុំនៅថ្ងៃចូលរៀនដំបូងរបស់គាត់ ហើយឥឡូវនេះ ស៊ូឡុង កំពុងត្រៀមខ្លួនឆ្លងកាត់ដំណាក់កាលបន្ទាប់នៃជីវិតរបស់គាត់”។
“នៅឆ្នាំក្រោយ ស៊ូឡុង នឹងចូលរៀននៅអនុវិទ្យាល័យ។ ក្នុងនាមជាឪពុក ក្នុងនាមជាឪពុកម្តាយ បេះដូងរបស់យើងពោរពេញដោយមោទនភាព ដែលគាត់បានខិតខំ ហើយរំភើបដែលមើលឃើញថា កូនតូចរបស់ខ្ញុំបានធំហើយ”។ អ្នកឧកញ៉ា បានបន្ត។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា មិនថាស៊ូឡុងធំប៉ុនណា ឬទៅដល់ណាក៏ដោយ ស៊ូឡុងនៅតែជាកូនប្រុសរបស់អ្នកឧកញ៉ានិងលោកជំទាវអ្នកឧកញ៉ាជានិច្ច ស៊ូឡុងនៅតែជាក្មេងប្រុសតូចរបស់លោកដដែល ដែលទទួលបានការស្រឡាញ់ ណែនាំ គ្រប់ជំហានដែលគាត់ឈានទៅមុខ។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបុត្រាបុត្រីចំនួន ៤នាក់គឺ កូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា បច្ចុប្បន្នកំពុងកាន់តួនាទីជា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ, កញ្ញា គិត ស៊ូរៀរង្សី, កញ្ញា គិត ស៊ូណាវីន ទេវី និងកូនប្រុសពៅ គិត ស៊ូឡុង៕




