រដ្ឋមន្រ្តីក្រសួងកសិកម្ម គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជួយកសិករ ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមក្នុងការផលិតឱ្យមានតម្លៃទាប

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះចែកពូជស្រូវជូនប្រជាកសិករ ប្រមាណ ៣០តោន ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ចំនួន ២៩៩គ្រួសារ នៅស្រុកចំនួន៥ ក្នុងខេត្តតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងពីឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ លោក ឌិត ទីណា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្មក្នុងការជួយកសិករ ដែលរងគ្រោះសារទឹកជំនន់ និងបានស្វះស្វែងរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករផងដែរ។

រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា បើទោះបីជាតម្លៃស្រូវមានការធ្លាក់ចុះក៏ដោយ ក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការជួយកសិករ ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមក្នុងការផលិតឱ្យមានតម្លៃទាប ដូចជាជីកសិកម្ម និងថ្នាំបាញ់សម្លាប់សត្វល្អិតជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការលក់ស្រូវរបស់កសិករនៅតែមានផលចំណេញ។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងពី កម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករផងដែរ៕