កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីក្នុងរយៈ១០ខែ កើនឡើងជិត១០ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានប្រមាណជាង៦៣ម៉ឺនតោន ពោលកើនឡើងជិត១០ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធនិងគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៥នេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីរកម្ពុជា បានឱ្យដឹងថានៅឆ្នាំនេះតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សាររក្សាបានថ្លៃល្អ។ ពោលកាលពីខែតុលាកន្លងទៅនេះស្វាយចន្ទីឡើងថ្លៃខុសពីធម្មតា រហូតដល់មួយតោនថ្លៃ២០៥០ដុល្លារ ដោយសារបញ្ហាប្រទេសតង់ហ្សានីនៅអាហ្វិកខាងកើត ក្រោយពីប្រមូលផលស្វាយចន្ទីហើយ បានកើតមាននូវជម្លោះនយោបាយក្រោយបោះឆ្នោត ដែលធ្វើប្រទេសផលិតគ្រាប់ស្វាយចន្ទីជាមធ្យមបាន៤០ម៉ឺនតោនក្នុងមួយឆ្នាំមួយនេះ មិនអាចលក់ចេញបាន។ ដូចនេះដើម្បីបំពេញតម្រូវការ ការបញ្ជាទិញ រោងចក្របានប្រជែងគ្នាទិញក្នុងតម្លៃថ្លៃ។

លោក អួន ស៊ីឡុត បានគូសបញ្ជាក់បន្ថែមថា “តម្លៃស្វាយចន្ទីនៅមួយរយៈចុងក្រោយនេះនៅរក្សាបានថ្លៃខ្ពស់ ប៉ុន្តែនៅកម្ពុជា នៅមានគ្រាប់ស្វាយចន្ទីចំនួនតិចតួចចូលដល់ខែតុលានិងវិច្ឆិកា ឆ្នាំ២០២៥ ដែលជាធម្មតាគ្រាប់ស្វាយចន្ទីស្ងួតតែងតែធ្លាក់ថ្លៃចាប់ពីចុងខែកញ្ញារហូតដល់ខែធ្នូ ពីព្រោះប្រទេសឥណ្ឌូនេស៊ី និងប្រទេសតង់ហ្សានី បញ្ចេញស្តុកគ្រាប់ស្វាយចន្ទីមកខាងក្រៅ ធ្វើឱ្យស្វាយចន្ទីនៅកម្ពុជាច្រើនធ្លាក់ថ្លៃ។ តែផ្ទុយមកវិញនៅក្នុងឆ្នាំនេះ ពេលដែលប្រទេសតង់ហ្សានីមានបញ្ហានយោបាយក្នុងប្រទេស មិនមានឈ្មួញណាមួយហ៊ានចូលទិញ ជាហេតុធ្វើឱ្យគ្រាប់ស្វាយចន្ទីឆៅឡើងថ្លៃ”។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ធ្លាប់បានអះអាងថា ដំណាំស្វាយចន្ទីគឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពល មានសារសំខាន់សម្រាប់ប្រជាកសិករនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្រសួងកសិកម្ម ផ្តោតលើការពង្រឹងផ្នែកផលិតកម្មនិងគុណភាពសម្រាប់គាំទ្រដល់ការកែច្នៃនៅក្នុងស្រុកនិងការនាំចេញ។ ក្នុងឆ្នាំ២០២៥នេះ តាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម ដំណាំស្វាយចន្ទីមានប្រមាណជាង៦០ម៉ឺនហិកតា ដែលអាចផ្តល់ផលបានប្រមាណ១លានតោន។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជាធ្លាប់បានឱ្យដឹងថា បញ្ហាប្រឈមដែលកើតឡើងជាប្រចាំមកទល់ពេលនេះ៖ ទី១) ទុនបង្វិលសម្រាប់ក្រុមហ៊ុនមួយៗយកទៅទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករយកមកធ្វើការកែច្នៃ ព្រោះស្វាយចន្ទីនៅកម្ពុជាបានបរិមាណច្រើនជាងគេនៅក្នុងខែមីនា និងខែមេសា។ ដូចនេះបើសិនក្រុមហ៊ុនអត់មានលុយបម្រុងទុក សម្រាប់ទិញស្វាយចន្ទីកែច្នៃឱ្យបានពេញមួយនោះទេ គ្រាប់ស្វាយចន្ទីនិងត្រូវបាននាំចេញទៅក្រៅអស់។ ចំណែកបញ្ហាទី២)ទាក់ទងនិងអត្រាការប្រាក់របស់ធនាគារ ។ រាល់ថ្ងៃនេះការប្រាក់ថ្លៃជាផ្នែកមួយ ប៉ុន្តែអ្វីដែលជាបញ្ហាគឺទ្រព្យដាក់បញ្ចាំ។ដូចនេះចង់ឱ្យធនាគារមួយចំនួនមានការបន្ធូរបន្ថយ ការដាក់ទ្រព្យបញ្ចាំ ដោយសារគ្រាប់ស្វាយចន្ទីលក់មានតម្លៃថ្លៃ៕