លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីសារធាតុគីមីហាមឃាត់ដែលរកឃើញនៅក្នុងផ្លែទុរេនដោយអ្នកជំនាញការជនជាតិចិន សម្រាប់កម្ពុជាក៏មានការប្រុងប្រយ័ត្ន និងបានធ្វើរបាយការណ៍ភ្លាមៗជូនទៅថ្នាក់ដឹកនាំជាបន្តបន្ទាប់។ បើគិតមកដល់ពេលនេះ កម្ពុជារកមិនទាន់ឃើញសារធាតុគីមីផ្ទុកនៅក្នុងផ្លែទុរេនស្រស់នៅឡើយទេ។

លោក ប៉ែន សុវិជាតិ មានប្រសាសន៍បញ្ជាក់ថា “ខ្ញុំសូមជម្រាបជូនថា រហូតមកទល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៥នេះ បើតាមរបាយការណ៍ពីអង្គភាពផ្សេងៗទាំងអង្គភាពថ្នាក់ក្រោមជាតិនិងអង្គភាពថ្នាក់ជាតិ របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) យើងអត់ទាន់រកឃើញសារធាតុហាមឃាត់ដែលបង្កហានិភ័យជាជំងឺមហារីកនោះនៅឡើយទេ។ ប៉ុន្តែយើងមិនទាន់អស់ចិត្តដោយខ្លួនឯង គឺយើងចង់ទទួលបានបទពិសោធន៍បន្ថែមទៀតពីមន្ត្រីជំនាញរបស់ចិនទាំងផ្នែកបច្ចេកទេស និងការកត់សម្គាល់ភ្លាមៗទៅលើលក្ខណៈខាងក្រៅរបស់ផ្លែទុរេន ដើម្បីដឹងភ្លាមៗថាតើផ្លែទុរេនណាមួយមើលទៅគួរឱ្យសង្ស័យ ពីព្រោះ យើងមិនអាចយកសំណាកគ្រប់តូបនៅទូទាំងប្រទេសបានទេ ។យើងយកសំណាកនៅកន្លែងណាដែលយើងសង្ស័យថាមានប្រភពនាំចូលមកពីប្រទេសជិតខាង”។

លោកលើកឡើងថា ពាក់ព័ន្ធនិងការទប់ស្កាត់ការនាំចូលផ្លែទុរេនមកពីខាងក្រៅនេះ យើងបានប្រុងប្រយ័ត្នតាំងពីឆ្នាំ២០២៤ ហើយនៅក្នុងឆ្នាំនោះផងដែរក្រសួងបានរៀបចំ និងបានរាយការណ៍ម្តងរួចហើយ បន្ទាប់មកនៅឆ្នាំ២០២៥មានសារចរណែនាំមួយពីទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីឱ្យក្រសួងពាណិជ្ជកម្មមានការប្រុងប្រយ័ត្នជាមួយនិងទុរេននាំចូល។
នៅក្នុងចំណុចនេះ យើងក៏សង្កេតឃើញថាមានការជន់ជោផ្លែទុរេនៅក្នុងទីផ្សារប្រទេសជិតខាង ហើយទុរេនទាំងនោះមិនមែនជាទុរេនមានផ្ទុកសារធាតុគីមីទេ ប៉ុន្តែដោយសារមានការភ័យខ្លាចអាចនឹងកើតឡើងក៏ធ្វើឱ្យផ្លែទុរេនមួយចំនួនធំ ដែលមានប្រភពមកពីកន្លែងបាននាំចេញទៅមានផ្ទុកសារធាតុជាតិគីមីនោះ ទាំងទុរេនល្អ និងទុរេនមានផ្ទុកជាតិគីមី ប្រែជាជន់ជោនៅលើទីផ្សារ។ ការជន់ជោទុរេននេះក៏បានលេចឮថាមានធ្លាយមកតាមច្រកផ្សេងៗចូលមកក្នុងប្រទេសកម្ពុជា។

លោកបន្តថា អគ្គនាយកដ្ឋាន (ក.ប.ប) ក៏បានយកចិត្តទុកដាក់ ហើយបានសហការជាមួយស្ថាប័នពាក់ព័ន្ធ បានធ្វើការឃាត់នៅតាមច្រកចូលសំខាន់ៗ និងធ្វើការឃាត់តាមច្រករបៀង។ ជំហ៊ានបន្ទាប់មកទៀតមន្ត្រីជំនាញក៏បានដើរទៅតាមទីផ្សារដើម្បីប្រមូលសំណាកមួយចំនួន នៅត្រង់ណាដែលសង្ស័យថាអាចជាទុរេននាំចូល ដើម្បីពិនិត្យថាតើមានផ្ទុកសារធាតុគីមីឬទេ។
លោកសង្កត់ធ្ងន់ថា “ខ្ញុំចង់ជម្រាបថាបញ្ហាទុរេននេះវាជួយឱ្យប្រទេសយើង ទន្ទឹមនិងមានការប្រុងប្រយ័ត្នក៏ក្លាយជាប្រភពមួយផ្គត់ផ្គង់ទុរេនធម្មជាតិសម្រាប់ពីទីផ្សារដែលធ្លាប់នាំចូលពីប្រភពផ្សេងៗដែលគេគិតថាមានផ្ទុកសារធាតុគីមីនោះ ឥឡូវគេជំនួសមកទិញទុរេនខ្មែរវិញ អត់មានប្រើប្រាស់សារធាតុគីមីផ្សេងៗដែលគេហាមឃាត់”៕