៥ខែ ឆ្នាំនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ២៩០គម្រោង ខណៈទុនវិនិយោគមានប្រមាណ ៤,២ពាន់ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើបានបន្តថា បើគិតក្នុងខែឧសភា គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។

ជាមួយគ្នានេះ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ គម្រោងវិនិយោគទាំង២៩០គម្រោង ដែលបានចុះបញ្ជី ក្នុងនោះមាន១១៩គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រមាណ ២០០ពាន់កន្លែង។ ចំណែកឯទុវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់ ៣,៦ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៥៨លានដុល្លារ វិស័យទេសចរណ៍២០លានដុល្លារ។

ចំពោះប្រភពទុនវិនិយោគដែលឈានមុខគេរយៈពេល៥ខែនេះ គឺប្រទេសចិន ៦២,២៧% កម្ពុជា ២៣,២៨% សិង្ហបុរី៩,៦៣% កោះ British Virgin ១,៤៤% វៀតណាម ០,៩៩% អង់គ្លេស ០,៦៧% កោះ Cayman ០,៥៩% កោះ Samoa ០,៤៧% កូរ៉េ ០,២១% និងសហរដ្ឋអាមេរិក ០,១៥%៕