អ្នកឧកញ៉ា ហេង បូរិន ចំណាយថវិកាជាង ៦០០០ដុល្លារ ជួយទិញតុនិងកសាងខ្លោងទ្វារសាលាបឋមសិក្សាភ្នំធំថ្មី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគម​ឧកញ៉ាកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ៦,៥០០ដុល្លារអាមេរិក ដើម្បីជួយទិញតុសម្រាប់សិស្សអង្គុយ​សិក្សា និងជួយកសាងខ្លោងទ្វារសាលាបឋមសិក្សាភ្នំធំថ្មី ស្ថិតនៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមាន​ជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំសាលាបឋមសិក្សាភ្នំធំថ្មី កាលដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ចេញសារថ្លែងអំណរគុណ​ដល់​ អ្នកឧកញ៉ា ហេង បូរិន ថាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៃសាលាបឋម​សិក្សាភ្នំធំថ្មី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ហេង បូរិន និងលោកជំទាវ លី ហ្គិកឆេង ដែលបានយកចិត្តទុកដាក់និងគាំពារដល់សាលាបឋមសិក្សាភ្នំធំថ្មីជារឿយៗ តួយ៉ាងឆ្នាំសិក្សា ២០២២-២០២៣ អ្នកឧកញ៉ា និងលោកជំទាវ បានចំណាយថវិកាចំនួន ៦១០០ដុល្លារ កសាងខ្លោងទ្វារសាលា ហើយថ្មីៗនេះក្នុងឆ្នាំ​សិក្សា២០២៤-២០២៥ អ្នកឧកញ៉ានិងលោកជំទាវ មើលឃើញសិស្សគ្មានតុអង្គុយរៀនសមរម្យ ក៏បានធ្វើ​អំណោយតុចំនួន១០ អស់ថវិកា៤០០ដុល្លារបន្ថែមទៀត។

ប្រភពខាងលើ បានបន្ថែមបែបនេះទៀតថា៖ “អ្នកឧកញ៉ា និងលោកជំទាវ ជាជនសប្បុរសមានមនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​មកលើមូលដ្ឋានដែលអ្នកឧកញ៉ានិងលោកជំទាវ បានប្រាស្រ័យទាក់ទងកន្លងមក។ ទង្វើទាំង​អស់​នេះធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចនូវទង្វើដ៏ល្អនិងគុណបំណាច់របស់ អ្នកឧកញ៉ានិងលោកជំទាវ​បាន​ឡើយ។ យើងខ្ញុំទាំងអស់គ្នាគ្មានអ្វីតបស្នងគុណបំណាច់ អ្នកឧកញ៉ានិងលោជំទាវបានទេ មានតែម្រាម១០ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាឃុំគ្រងអ្នកឧកញ៉ា លោកជំទាវព្រមទាំងបុត្រាបុត្រីឱ្យ​ជួបប្រសព្វនឹងសេចក្តីសុខចម្រើនគ្រប់យ៉ាងកុំបីអាក់ខានឡើយ”។

សូមជម្រាបថា អ្នកឧកញ៉ា ហេង បូរិន មានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាប្រធាន​ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងតំណាងភាគហ៊ុនិក​នៃក្រុមហ៊ុន ដែលវិនិយោគលើវិស័យហិរញ្ញវត្ថុ​និងធនាគារ បច្ចេកវិទ្យា អចលនទ្រព្យ អភិវឌ្ឃន៍លំនៅដ្ឋាន និង​ដឹកជញ្ជូន។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានផ្ដល់ការងារជាច្រើន ដែលជាការរួមចំណែកបង្កើត​ការងារ​ជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធ និងវិជ្ជាជីវៈខ្ពស់ ដែល​បានប្រឡូកក្នុងវិស័យខាងលើអស់រយៈពេល​ជាច្រើនឆ្នាំ។ លើសពីនេះ អ្នកឧកញ៉ាអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងផងដែរ៕