ចិន ជីករកឃើញកំណប់រ៉ែមាសជាង ១៤០០ តោន មានតម្លៃសរុបជិត ២០០ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសចិន បានរកឃើញអណ្តូងរ៉ែមាសដែលមានចំនួនសរុបរហូតដល់ប្រមាណជាង ១ ៤៤៤ តោន ដែលមានតម្លៃជិត ១៩៣ពាន់លានដុល្លារ បើគិតតាមតម្លៃបច្ចុប្បន្ន ដែលជាការរកឃើញដ៏ធំបំផុតមិនធ្លាប់មាន​ គិតចាប់តាំងពីឆ្នាំ១៩៤៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អណ្តូងរ៉ែមាស Dadonggou ដែលត្រូវបានរកឃើញនេះ មានទីតាំងនៅក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិន ដែលត្រូវបានគេប៉ាន់ប្រមាណថាមានកំណប់មាសចំនួនជាង ១ ៤៤៤ តោន នៅក្នុងរ៉ែសរុបចំនួន ២ ៥៩៦ តោន ។នេះបើយោងតាមការប្រកាសរបស់ក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន។

តាមចំនួននេះ មានន័យថា មាសមានកម្រិតធម្យម ០,៥៦ ក្រោមក្នុងរ៉ែមួយតោន។ ហើយបើទោះបីជារ៉ែនេះមានកម្រិតទាបក៏ដោយ ទំហំនៃកំណប់មាសនេះ បានធ្វើឲ្យវាក្លាយជាកំណប់រ៉ែមាសដ៏ធំបំផុតមួយ នៅក្នុងប្រទេសចិន ដែលត្រូវបានគេរកឃើញ គិតចាប់តាំងពីឆ្នាំ១៩៤៩។

យោងតាមតម្លៃបច្ចុប្បន្ន មាសក្នុងចំនួនដ៏ច្រើននោះ មានតម្លៃសរុបជាង ១៦៦ពាន់លានអឺរ៉ូ (១៩២,៩ពាន់លានដុល្លារ)។ នេះបើតាមទិន្នន័យពីសារព័ត៌មាន Euronews។

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសចិនបានរកឃើញកំណត់រ៉ែមាសស្រដៀងគ្នានេះជាច្រើន រួមទាំងអណ្តូងរ៉ែមាសដ៏ធំមួយ នៅក្នុងខេត្តហ៊ូណាន ផងដែរ។ ពីមុន អណ្តូងរ៉ែមាសដ៏ធំបំផុតរបស់ពិភពលោក ជាធម្មតាមានកម្រិតមាសក្នុងនោះ ត្រឹមតែពីរ ទៅបីរយតោនប៉ុណ្ណោះ។

ជម្រាបជូនថា យោងតាមតាមការប៉ាន់ប្រមាណរបស់ឧស្សាហកម្មរ៉ែមាសចិន បានបង្ហាញថា មាសប្រហែល ៣ ០០០ តោននៅតែមិនទាន់បានជីកយក នៅក្នុងប្រទេសចិន ដែលចំនួននេះ គឺស្មើប្រហែលមួយភាគបួននៃទុនបម្រុងដែលមិនទាន់បានប្រើប្រាស់ នៅក្នុងប្រទេសរុស្ស៊ី និងអូស្ត្រាលី៕​