លោក ត្រាំ​ អាចនឹងពន្យារពេលលើការដាក់ពន្ធ ១០០% ចំ​ពោះផលិតផលបន្ទះឈីប

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗថ្មីនេះ បានប្រកាសថាលោក អាចនឹងបន្តពន្យារពេលចំពោះការដាក់ពន្ធ ១០០% ទៅលើផលិតផលបន្ទះឈីប Semiconductor វិញ ដោយសារតែសហរដ្ឋអាមេរិក កំពុងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ដើម្បីចៀសវាងការបែកបាក់ទំនាក់ទំនងជាមួយប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា មន្ត្រីសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីលទ្ធភាពនៃការមិនដាក់ពន្ធនាំចូលលើផលិតបន្ទះឈីបនេះវិញ។ ហើយសារនេះ ត្រូវបានផ្ញើទៅកាន់ភាគីពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាល និងឧស្សាហកម្មពាក់ព័ន្ធទាំងអស់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

យ៉ាងណាមិញ បើតាមប្រភពមួយទៀតបានពន្យល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រុងប្រយ័ត្នជាងមុនដើម្បីចៀសវាងការបង្កការបែកបាក់នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ដែលអាចនាំឱ្យមានពន្ធសងសឹក និងរំខានដល់លំហូរនៃការនាំចេញរ៉ែដ៏កម្រ។

តែទោះជាយ៉ាងណាក៏ដោយ ប្រភពទាំងនោះក៏បានសង្កត់ធ្ងន់ផងដែរថា ការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ ពន្ធនាំចូល ១០០% នៅតែអាចត្រូវបានដាក់នៅពេលណាក៏បាន។

ជម្រាបជូនថា កាលពីខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធ ១០០% លើផលិតផលបន្ទះឈីបដែលនាំចូល លុះត្រាតែវាត្រូវបានផលិតនៅសហរដ្ឋអាមេរិក ឬបានប្តេជ្ញាវិនិយោគនៅទីនេះ។ អស់រយៈពេលជាច្រើនខែមកហើយ រដ្ឋាភិបាលបាននិយាយថានឹងដាក់ពន្ធគយក្នុងពេលឆាប់ៗនេះ ប៉ុន្តែពួកគេនៅតែបន្តពិភាក្សាអំពីពេលវេលា និងព័ត៌មានលម្អិតផ្សេងទៀត៕