ក្រុមហ៊ុនសំបកកង់ខ្មែរម៉ាក សៃលុន (Sailun Tire) នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសជ្រើសរើសបុគ្គលិកភេទប្រុស សរុបចំនួន ១៣០នាក់ ដែលចេះត្រឹមតែភាសាខ្មែរ ក៏អាចចូលបម្រើការបាន នៅរោងចក្រផ្ទាល់ ស្ថិតនៅខេត្តស្វាយរៀង។

បើតាមការប្រកាសរបស់ក្រុមហ៊ុន ការជ្រើសរើសបុគ្គលិកថ្មីនេះ មានពីរផ្នែកគឺ ផ្នែកស្តុបទំនិញនាំចេញ ត្រូវការភេទប្រុស ចំនួន ៣០នាក់ និងផ្នែកផលិតចំនួន ១០០នាក់ ភេទប្រុស ហើយត្រូវចេះសរសេរអក្សរខ្មែរបានដូចគ្នា ព្រមទាំងមានអាយុចន្លោះពី ១៨ឆ្នាំ ដល់៤០ឆ្នាំ។
សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់ឡាន សៃលុន មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ រោងចក្រផលិតសំបកកង់ឡាន សៃលុន បានស្រូបទាញទិន្នផលកៅស៊ូ ប្រមាណជាង ៣០% នៃទិន្នផលកៅស៊ូសរុប គិតតែក្នុងឆ្នាំ ២០២៤ ប្រមាណ ៥ ម៉ឺនតោន និង គ្រោងកែឆ្នៃទិន្នផលកៅស៊ូក្នុងស្រុកប្រមាណ ១ សែនតោន ដោយគិតជាសាច់ប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥នេះ៕





