គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា ខណៈទំនប់នេះ បច្ចុប្បន្នសាងសង់បានប្រមាណ ៤០%ហើយ។ នេះបើយោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

សម្តេចធិបតី បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖ ទី១/ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។
ទី២. កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។ទី៣. បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និងទី៤. ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ។
សូមជម្រាបថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះសម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧៕ អត្ថបទ៖ហ្សាលីន



