លោកជំទាវ​ យឹម​ ឆៃលីន ចូលរួមព្រះពិធីមង្គលការព្រះនាង នរោត្តម ពង្សសូរិយា និងកូនប្រុសអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ នៅព្រះបរមរាជវាំង

ជុំវិញ​ឧកញ៉ា

លោកជំទាវ​ យឹម​ ឆៃលីន បានស្លៀកសំលៀកបំពាក់បែបប្រពៃណី ចូលរួមក្នុងព្រះពិធីវិវាហមង្គលអាពាហ៍ពិពាហ៍ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា និងលោក អុឹង សុីវឈន់ កូនប្រុសរបស់ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុម្មុខសិរីមង្គល​ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីវិវាហមង្គលអាពាហ៍ពិពាហ៍នេះ កូនស្រីគឺ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា ជាព្រះបុត្រីរបស់ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស និងកូនប្រុសនាម អុឹង សុីវឈន់ ជាកូនប្រុសរបស់ អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា។ ព្រះរាជពិធីបានប្រារព្វឡើង ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងពិធី​វិវាហមង្គល តាមព្រះរាជបវេណីក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងចតុម្មុខសិរីមង្គល​ ព្រមទាំងមានការ​អញ្ជើញចូលរួមពីខ្សែរាជវង្ស និងសាច់ញាតិមេបាទាំងសងខាងផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ​ យឹម​ ឆៃលីន ដែលល្បីលើបណ្តាញសង្គមថាជាជំទាវស្រស់ស្អាតក្មេងជាងវ័យ ជាពិសេស រាល់ពេលរៀបចំតុបតែងខ្លួន មិនថាកាលៈទេសៈណានោះ ក៏បានបង្ហាញខ្លួន​ស្លៀកសំលៀកបំពាក់​ចងក្បិនអាវប៉ាក់បែប​ប្រពៃណីខ្មែរ ចូលរួមអម​ដំណើរព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សសូរិយា និងកូនកំលោះ ចូលគាល់ព្រះមហាក្សត្រ ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវិររាជមាតាជាតិខ្មែរ ក្នុងព្រះបរមរាជវាំងផងដែរ។ សូមជម្រាបថា លោកជំទាវ​ យឹម​ ឆៃលីន ជាកូនស្រីរបស់ ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជា៕