អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ក្របខណ្ឌយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ជាមួយនឹងបណ្តារសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិ ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅអាគារធនាគារវីង មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ក្របខណ្ឌយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន”  ជាមួយនឹងបណ្តារសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិ ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានការចូលរួមផងដែរពីសំណាក់ សមាជិកនៃ (គ.ស.ឯ.រ.ជ) , តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា, តំណាងសមាគមធុរកិច្ចអន្តរជាតិ និងអ្នកពាក់ព័ន្ធសរុប ៨០រូប។ 

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងចម្បងដើម្បី៖

១. ស្តាប់មតិយោបល់ដោយផ្ទាល់ ពីសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច អន្តរជាតិនានា អំពីការចូលរួម និងអាទិភាពនៃការកែទម្រង់ក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) 

២. កំណត់ជំហររួម របស់បណ្តាសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច អន្តរជាតិ ដើម្បីលើកយកទៅជម្រុញបន្ត តាមទម្រង់រចនាសម្ព័ន្ធផ្លូវការនៃក្រុមការងារផ្នែកឯកជន ក្នុងក្របខ័ណ្ឌ G-PSF និង

 ៣. ឯកភាពលើក្របខណ្ឌសម្របសម្រួលមួយ ដែលផ្តល់លទ្ធភាពឱ្យសភាពាណិជ្ជកម្ម និងសមាគម ធុរកិច្ច អន្តរជាតិនានា មានសំឡេងកាន់តែខ្លាំង និងរួមគ្នាតែមួយ នៅក្នុងវដ្ដបន្ទាប់នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)។

សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ជាស្ថាប័នផ្លូវការតំណាងឱ្យវិស័យឯកជននៅកម្ពុជា ហើយតាមរយៈក្រុមការងារនៃយន្តការ G-PSF ត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះ មាន រយៈពេល២៧ឆ្នាំហើយ ក្រោមសេចក្តីសម្រេចលេខ ៩៧ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា។ 

តាមរយៈយន្តការនេះ សមាគមពាណិជ្ជកម្ម វិនិយោគិនជាតិ និងអន្តរជាតិ​ និងសភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចអន្តរជាតិ  ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ឱ្យចូលរួមជាមួយគ្នាដោយចំហរ និងដោយសេរី ក្នុងន័យស្ថាបនា និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាមួយសហប្រធាននៃក្រុមការងារទាំង១៦វិស័យ ក៏ដូចជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រោមយន្តការវេទិការាជ

រដ្ឋាភិបាល និងវិស័យឯកជន (G-PSF) នេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន (គ.ស.ឯ.រ.ជ) បានលើកឡើងថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា យើងអាចរក្សាប្រទេសកម្ពុជាជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ក្នុងន័យសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងសម្រេចបាននូវភាពជាដៃគូដ៏មានឥទ្ធិពលមួយ ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពគ្នាដូចជាសុភាសិតមួយឃ្លាបានលើកឡើងថា៖ “រួបរួមយើងរស់ បែកបាក់យើងស្លាប់”។