ក្រុមហ៊ុនមួយ ស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់គ្រប់ប្រភេទនៅខេត្តកណ្តាល

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន HONG YI LEATHER PRODUCT (CAMBODIA) CO., LTD.  បានស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់ គ្រប់ប្រភេទនៅខេត្តកណ្តាលនាពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្តាល កាលថ្ងៃ២៦ ខែវិច្ឆកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានបន្តថា  កាលថ្ងៃ២៦ ខែវិច្ឆកា ឆ្នាំ២០២៥ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផលិតកាបូប និងខ្សែក្រវាត់ គ្រប់ប្រភេទ របស់ក្រុមហ៊ុន (HONG YI LEATHER PRODUCT (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។

រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ២៦០នាក់ ក្នុងនោះបរទេសចំនួន ១១នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ២៩៤នាក់ ក្នុងនោះបរទេសចំនួន ១១នាក់។

ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣%៕ អត្ថបទ៖ហ្សាលីន