ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ឱ្យដឹកនាំក្រុមការងារប្រតិបត្តិតាមបណ្តារាជធានី-ខេត្ត ជួយដល់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បន្ទាប់ពីទទួលបានការប្រគល់ភារកិច្ចបន្ថែមនេះ លោក សារិន វណ្ណា បានបង្ហោះសារប្តេជ្ញាចិត្តលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បែបនេះថា៖ “ក្រោយពេលទទួលបានកំណែទម្រង់ពីថ្នាក់ជាតិ លើនីតិវិធី ផ្តល់សេវាសាធារណៈ តាមបណ្តារាជធានី ខេត្ត លើវិសយ័ដីធ្លី និងតាមការសម្រេចរបស់ក្រសួងរៀបចំដែនដី លើការបំបាត់អំពើពុករលួយសម្រាប់រាជធានី ខេត្ត ខ្ញុំនឹងសម្រេចពិនិត្យលើគ្រប់ករណី សំណើ និង សំណូមពរទាំងអស់ ដល់អ្នកស្នើសុំសេវារដ្ឋបាល ប្រកបដោយយុត្តិធម៌ និងនិតិវិធីជាធរមាន។ 07.7.26 (សម្រាប់ខ្ញុំហ៊ានធ្វើ)”។
សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងអាណត្តិថ្មីនេះ បាននិងកំពុងកំណែទម្រង់ជាច្រើន ដូចជា ការបង្កើនសន្ទុះចុះបញ្ជីបង្ហើយទូទាំងប្រទេស ការបញ្ចប់ដោះស្រាយវិវាទដីធ្លី និងការផ្តល់សេវាសាធារណៈគាប់ចិត្ត (សេវារហ័ស) ជាដើម។ ទោះយ៉ាងណា ក៏មានមន្ត្រីមួយចំនួនតូច បានលួចប្រព្រឹត្តអំពើមិនគប្បី ទើបឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្រេចបង្កើតក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួងខាងលើនេះឡើង៕



