ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនួញដ៏ឆ្នើមបំផុតម្នាក់ ហើយចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក លោកទាក់ទាញការវិនិយោគធំៗជាច្រើន មិនថាពីវិនិយោគិនក្នុងស្រុក ឬក្រៅស្រុកនោះឡើយ។

យ៉ាងណាមិញ បើតាមវីដេអូកំពុងផ្ទុះនៅលើបណ្តាញសង្គមមួយ លោក ត្រាំ បានបង្ហាញពីភាពប៉ិនប្រសព្វរបស់ខ្លួន ក្នុងការនិយាយទៅកាន់ក្រុមអ្នកជំនួញកំពូលៗ ក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ក្នុងអំឡុងពេលដែលលោក បានរៀបចំព្រឹត្តិការណ៍ជប់លៀងដ៏ពិសេសមួយ នៅសេតវិមាន ដើម្បីផ្តោតទៅលើការវិនិយោគនៅក្នុងវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក។
ដោយមានការចូលរួមពីសំណាក់មេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ លោក ត្រាំ បានឆ្លៀតពេលសួរនាំទៅកាន់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលអង្គុយក្បែរលោកថា តើក្រុមហ៊ុនរបស់គាត់នឹងត្រូវចំណាយទឹកប្រាក់វិនិយោគប៉ុន្មាន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ភ្លាមៗនោះ លោក Mark បានឆ្លើយតបវិញថា លោកនឹងបោះទុនវិនិយោគយ៉ាងហោចណាស់ ៦០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៨។
បន្ថែមពីនោះ លោក ត្រាំ បានបន្តសួរទៅកាន់លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google ជុំវិញការវិនិយោគនៅអាមេរិកផងដែរ ដោយមេធំក្រុមហ៊ុនខ្នាតយក្សរូបនេះ បាននិយាយថា នឹងបោះទុនវិនិយោគទឹកប្រាក់ហែល ២៥០ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានបង្ហាញការថ្លែងអំណរគុណដល់លោក ត្រាំ ដែលបានផ្តល់កិត្តិយសដល់រូបលោក ឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ហើយនៅពេលដែលលោក ត្រាំ សួរថាក្រុមហ៊ុនរបស់លោកនឹងវិនិយោគប៉ុន្មាននៅសហរដ្ឋអាមេរិក លោកបាននិយាយថាប្រហែល ៦០០ពាន់លានដុល្លារ។
ជម្រាបជូនផងដែរថា ស្របពេលដែលនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាមេរិកផ្សេងទៀត បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិសេសនេះ ចំឡែកតែមេធំ Tesla លោក Elon Musk ប៉ុណ្ណោះ ដែលមិនបានចូលរួម ដោយសារតែអំឡុងពេលនោះ លោកមានបញ្ហាចម្រូងចម្រាសខ្លាំង ជាមួយប្រធានាធិបតីអាមេរិក លោក ត្រាំ៕

