ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ បានលើកឡើងថា តាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត១លាននាក់ដែលនាំមុខគេ។

លោកបន្តថា ដូចនេះ កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។

សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ នឹងរៀបចំកម្មវិធីសំខាន់ៗ មួយចំនួននាចុងឆ្នាំ២០២៥ ដែលរួមមាន៖ ១) ព្រឹត្តិការណ៍មហាស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះកម្ពុជា-ចិន នាល្ងាចថ្ងៃទី៦ ខែធ្នូ នៅខេត្តសៀមរាបនិង ២) វេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តសៀមរាប៕