កម្ពុជាបានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១ ជាមួយតំណាងគម្រោង EU-German GATE និង EU-German CAPSAF ដើម្បីពិនិត្យ ពិភាក្សាលើការចាប់ផ្តើមដំណើរក្នុងការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា។ ការរៀបចំកិច្ចប្រជុំ បានដឹកនាំដោយលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច។

កិច្ចប្រជុំពិភាក្សាលើការចាប់ផ្តើមដំណើរក្នុងការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ត្រូវបានរៀបចំឡើងក្នុងគោលបំណង២សំខាន់៖ ទី១)ពិនិត្យ ពិភាក្សាលើនិតីវិធី និងដំណើរការនៃការរៀបចំកសាងគោលនយោបាយម្រេចកម្ពុជា ជាពិសេសការរៀបចំផែនការសកម្មភាពនិងក្របខណ្ឌពេលវេលា (Time Frame) និង (២)ពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការនានាក្នុងការជំរុញអភិវឌ្ឍន៍វិស័យម្រេចកម្ពុជា។
សូមជម្រាបជូនផងដែរថា ការរៀបចំគោលនយោបាយម្រេចកម្ពុជា មានគោលបំណងក្នុងការពង្រឹងនិងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យម្រេច និងជាពិសេសគឺសំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានលក្ខណៈប្រកួតប្រជែង និងទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។

ម្ចាស់ចម្ការដាំម្រេចមួយរូបនៅខេត្តកំពត បានឱ្យដឹងថា ទីផ្សារម្រេចនៅដើមឆ្នាំ២០២៥នេះ មានតម្លៃល្អ និងមានការគាំទ្រច្រើនជាងឆ្នាំមុន ខណៈចម្ការរបស់អ្នកស្រីមានអតិថិនជនច្រើនជាងមុនទាំងជាតិ និងអន្តរជាតិ។
ពាក់ព័ន្ធជាមួយនឹងការរៀបចំនូវគោលនយោបាយម្រេចកម្ពុជា អ្នកស្រីម្ចាស់ចម្ការរូបនេះ បានលើកឡើងថា ពិតជាល្អណាស់សម្រាប់កសិករដាំម្រេចតួយ៉ាងដូចជាអ្នកស្រីផ្ទាល់។ អ្នកស្រីបន្តថា វានឹងធ្វើឱ្យទីផ្សារម្រេចកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ។
កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ បានក្នុងទឹកប្រាក់ជាង៣៤លានដុល្លារ កើនឡើងជិត១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែជាង១៣លានដុល្លារប៉ុណ្ណោះ៕
