ឧបនាយករដ្ឋមន្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមរដ្ឋមន្ត្រី ថងសាវណ្ណ ភុមវិហាន រដ្ឋមន្រ្ដីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញពីជំហរប្ដេជ្ញាចិត្ដពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យថាមពល ឱ្យកាន់តែសកម្ម ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំ JCBC លើកទី១៥ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឧបនាយករដ្ឋមន្តី ប្រាក់ សុខុន និង លោករដ្ឋមន្ត្រី ថងសាវណ្ណ ភុមវិហាន បានផ្លាស់ប្តូរព័ត៌មានស្ដីពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន និងពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងការរិះរកមធ្យោបាយ ដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្រោយកិច្ចប្រជុំ JCBC លើកទី១៤ ព្រមទាំងបញ្ជាក់សាជាថ្មីនូវ ការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ចំពោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់សក្តានុពលសំខាន់សម្រាប់ ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងឯកភាពលើកកម្ពស់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច ឱ្យកាន់តែជិតស្និទ្ធ និងបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងរិះរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗទៀត។
ជាមួយគ្នានោះ រដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល តាមរយៈការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ ពាក់ពន្ធ័នឹងវិស័យនេះឱ្យកាន់តែសកម្ម។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះមិត្តឡាវ ដែលបានផ្គត់ផ្គង់អគ្គិសនី ដើម្បីបំពេញតម្រូវការរបស់ខ្លួន។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន កសិកម្ម ការតភ្ជាប់ការដឹកជញ្ជូន ទេសចរណ៍ ការតភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងវិស័យអប់រំផងដែរ៕







