ដំណើរទស្សនកិច្ចរបស់លោក អូលីវេ្យ បិច នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបារាំង-កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី២៤ និងថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ។តាមដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់រូបនេះ គឺផ្តោតខ្លាំងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរ​ទស្សន​កិច្ចរបស់មន្រ្តីជាន់ជាន់ខ្ពស់រូប​នេះ បានធ្វើ​ឡើង​បន្ទា​ប់​ជំនួប​រវាង​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ប្រធា​នាធិ​បតី​បារាំង អេម៉ា​នុយ​អ៊ែល ម៉ា​ក្រុង នៅ​ទីក្រុង​ប៉ារីស៍ កា​ល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២​២​កន្លង​ទៅ។

បើតាមស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា អម​ដំណើរ​ដោយគណៈប្រ​តិភូ​ធុរជន​ដឹក​នាំដោ​យ​សហព័ន្ធ​ធុរ​កិច្ច​បារាំ​ង​ MEDEF International និង Business France លោក អូ​លី​វេ្យ បិច នឹង​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ថ្នាក់​ដឹក​នាំនយោ​បាយ​កម្ពុជា​ជា​ច្រើន​រូប រួម​មាន៖ ​សម្តេច​​តេ​ជោ ហ៊ុន សែន នា​យ​ក​រដ្ឋ​មន្រ្តីក​​ម្ពុជា ឯក​ឧត្តម ប៉ា​ន សូរស័​ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និ​ង​ឯក​ឧត្តម សុខ ចិន្តា​សោភា​ រដ្ឋ​មន្ត្រី​ប្រតិ​ភូអ​ម​នា​យក​រដ្ឋ​មន្ត្រី និង​ជា​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹ​ក្សាអភិ​វឌ្ឍន៍​កម្ពុ​ជា​។

ក្នុង​ដំណើរ​ទស្សនិច្ច​នេះដែរ ​លោក​រដ្ឋមន្រ្តី​ប្រតិភូ នឹ​ងមាន​ជំនួបផ្សេងៗ​ជាមួយស​ហគមន៍​បារាំ​​ង​នៅ​​កម្ពុជា ពិសេស​តំណាង​សហគមន៍​ធុរ​កិច្ចបារាំង​ដ៏រ​ស់រវើក​។ ប្រជា​ពលរដ្ឋ​បារាំង​ចំនួន​៥ ០០០​នាក់ ដែលកំពុង​រស់​នៅ​កម្ពុជា បាន​ចុះ​បញ្ជី​ជា​មួយ​ស្ថាន​ទូតបារាំងផងដែរ​។

ជាងនេះទៀត លោក​រដ្ឋមន្ត្រី​ប្រតិភូ​ ក៏នឹង​ចូលរួ​ម​ពិធី​បញ្ចុះ​បឋម​សិលាសា​ង​សង់​ឡើង​វិញ នូវ​ស្តូបរំ​លឹក​ដល់វិញ្ញាណ​ក្ខន្ធយុទ្ធជន​ពលី​កម្ពុ​ជា និងបា​រាំង​នៅ​ក្នុង​សង្គ្រា​ម​លោក​លើក​ទី១​តាម​ការស​ម្រេច​របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅក្រោម​វត្ត​មាន​របស់​ឯកឧ​ត្ត​ម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែ​នដី​ នគ​រូបនី​យ​កម្ម និង​សំណង់ និង​លោក​ជំទា​វ ភឿង ស​កុណា​ រ​ដ្ឋ​មន្រ្តី​ក្រសួង​វប្ប​ធ​ម៌ និងវិ​ចិត្រ​សិល្បៈ​។

ក្រៅ​ពី​នេះ លោ​ក​អូលី​វេ្យ ​បិ​ច ក៏នឹង​ទៅ​ពិនិត្យដំណើរ​ការ​សាងស​ង់​រោង​ចក្រ​ប្រព្រឹ​​ត្ត​កម្មទឹក​ស្អា​ត​បាក់​ខែង ដែល​ទទួល​បានហិរញ្ញប្ប​ទាន​ពី​ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិ​វឌ្ឍ (AFD) ធនា​គារ​វិនិយោគ​អឺរ៉ុប និង​សហ​ភាព​អឺរ៉ុប​ ខណៈនៅខេត្តសៀម​រាបវិញ លោកក៏នឹង​ទស្សនា​ប្រាសាទ​អង្គរ ​​ជាពិសេ​សការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុ​ណ្យខាង​លិច ដែលផ្ត​ល់ហិរញ្ញវ​ត្ថុដោយ​ប្រទេស​បារាំងថែមទៀត​។

គួរបញ្ជាក់ដែរថា តាមរយៈដំណើរ​ទស្សនកិច្ច​នេះដែរ លោ​ក​អូលី​វេ្យ ​បិ​ច ក៏​បង្ហា​ញ​ពីការ​ប្តេជ្ញា​ចិត្ត​កាន់​តែខ្លាំងឡើងៗ​របស់​ប្រទេស​បារាំង​នៅ​តំបន់អាស៊ាន ដែ​ល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរ​យៈការ​ចូលរួ​ម​របស់​លោក​ប្រធានា​ធិបតី​បារាំង​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស G20 កាល​ពីចុង​ឆ្នាំ​២០២២​នៅ​កោះ​បាលី និង​កិច្ចប្រជុំ​សហ​ប្រតិ​បត្តិ​ការសេដ្ឋ​កិច្ច​អាស៊ី​ប៉ាស៊ីហ្វិ​ក (APEC) នៅទីក្រុ​ង​បាង​កក​។ ដោយលោកចាត់ទុកថា អាស៊ី​អាគ្នេ​​យ៍ ​គឺជា​តំបន់​សំខាន់​មួយ​នៃយុទ្ធសា​ស្រ្ត​បារាំ​ង​នៅឥណ្ឌូ​ប៉ាស៊ី​ហ្វិក ដោយ​សារ​តំបន់​នេះ​គឺជា​ទីតាំង​រស់រវើក​ជាងគេ​បំផុត​ក្នុ​ងពិភព​លោក​បើនិយាយពីទិដ្ឋភាព​សេដ្ឋ​កិច្ច ដោយ​មានអត្រា​កំណើន​ខ្ពស់ ហើយ​អាស៊ាន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្មលំដាប់​ទី៣​របស់​សហភាព​អឺរ៉ុ​ប​​៕ អត្ថបទ៖ ពិសី