មហាសេដ្ឋីស្វីសម្នាក់ ចង់ឲ្យមានការដាក់ពន្ធខ្ពស់ទៅលើអ្នកមានកំពូលៗ ក្នុងប្រទេស

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលរបស់ស្វីស លោក Alfred Gantner ថ្មីៗនេះ​ បានអំពាវនាវឲ្យមានការដាក់ពន្ធខ្ពស់ទៅលើអ្នកមានកំពូលៗ នៅក្នុងប្រទេស ពោលគឺបន្ទាប់ពីពលរដ្ឋស្វីសបានបោះឆ្នោតប្រឆាំងទៅនឹងការដាក់ពន្ធ ៥០% លើអ្នកមានខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍មួយដែលបានចុះផ្សាយការពីថ្ងៃទី១ ខែធ្នូ នៅក្នុងកាសែត Tages-Anzeiger លោក Gantner បាននិយាយថា ការប្រមូលផ្តុំទ្រព្យសម្បត្តិកាន់តែច្រើនឡើង នៅក្នុងដៃរបស់មនុស្សមួយក្រុមតូច នឹងក្លាយជាបញ្ហាដ៏ធំមួយនៅទូទាំងពិភពលោក។

គួរឲ្យដឹងផងថា លោក Gantner គឺជាសហស្ថាបនិកក្រុមហ៊ុនភាគហ៊ុនឯកជន Partners Group ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៥ពាន់លានដុល្លារ។ បើតាម Forbes បច្ចុប្បន្នលោកជាប់នៅចំណាត់ថ្នាក់ទី ១ ០៥៤ នៃបញ្ជីអ្នកមានបំផុតដាច់គេនៅលើលោក។

ទន្ទឹមនឹងនេះ យោងតាមលោក Gantner បាននិយាយទៀតថា ពន្ធដាក់លើទ្រព្យសម្បត្តិរបស់អ្នកមាន គួរតែត្រូវអនុវត្តចំពោះអ្នកមានពិតប្រាកដ។ ឧទាហរណ៍ អ្នកដែលមានទ្រព្យសម្បត្តិលើសពី ២០០លានហ្វ្រង់ស្វីស ត្រូវយកពន្ធក្នុងអត្រា ១% ហើយអ្នកមានទ្រព្យសម្បត្តិចំនួន ៥០០លានដុល្លារ ត្រូវយកពន្ធក្នុងអត្រា ១,២% ខណៈអ្នកមានទ្រព្យសម្បត្តិចំនួន ១ពាន់លានដុល្លារ​ត្រូវយកពន្ធក្នុងអត្រា ១,៥% ជាដើម។

ជម្រាបជូនផងដែរថា ជុំវិញមតិយោបល់ទាំងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រជាជនស្វីសបានបោះឆ្នោតនៅថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីប្រឆាំមងទៅនឹងការដាក់ពន្ធ ៥០% លើពន្ធមរតកដែលមានតម្លៃ ៥០លានហ្វ្រង់ស្វីស (៦២លានដុល្លារ) ឬច្រើនជាងនេះ ដោយសារតែអាចបណ្តេញអ្នកមានៗចេញពីប្រទេស និងធ្វើឲ្យបាត់ចំណូលរបស់ប្រទេសទាំងមូល៕