អ្នកឧកញ៉ា គិត ម៉េង អញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមការងារ “ផ្នែកទេសចរណ៍” នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមប្រធានបទ៖ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ចិន ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមប្រធានបទ៖ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ចិន ឆ្នាំ២០២៦ ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ “ខ” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ “ខ” និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ធ្វើការផ្សព្វផ្សាយ និងពិនិត្យលើគោលការណ៍អនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ចិន ឆ្នាំ២០២៦ រួមនឹងបញ្ហាផ្សេងៗផងដែរ។ 

សូមបញ្ជាក់ជូនថា ដោយយោងទៅលើចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលគារណ៍ក្នុងការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ជនជាតិចិនឆ្នាំ២០២៦ ជាមួយនឹងគោលការណ៍ចំនួន ២ ចំណុចរួមមាន៖ 

១. ផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។

២. អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើ និងចរចាជាមួយភាគី រដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដង នាពេលអនាគត។ 

សូមបញ្ជាក់បន្ថែមថា ការឯកភាពជាគោលការណ៍របស់រាជរដ្ឋាភិបាលនេះ គឺជាលទ្ធផលដ៏ត្រចះត្រចង់ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន៕