អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសកៀរគរថវិកាពីសប្បុរសជន ដើម្បីជួយដល់បងប្អូនខ្មែរជនភៀសសឹក ដែលកំពុងត្រូវការសម្ភារៈ និងស្បៀងអាហារ ក្នុងសង្គ្រាមឈ្លានពានរបស់សៀម មកលើដែនអធិបតីភាពរបស់កម្ពុជា។

តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គម អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហាញជូនថវិកាក្នុងគណនីចំនួនជាង ៣,៩០០ដុល្លារ ដោយភ្ជាប់ជាមួយសារបែបនេះថា៖ “នេះជាថវិកា ដែលនៅសល់បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋចូលរួមឧបត្ថម្ភតាមរយៈខ្ញុំនាពេលកន្លងមក ខ្ញុំនឹងយកថវិកានេះទៅរៀបចំទិញ សំភារៈ ឬស្បៀងអាហារ ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងភាសខ្លួនបន្តទៀត”។
អ្នកឧកញ៉ា ទៀ វិចិត្រ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ចូលរួមឧបត្ថមជាថវិកាតាមរយៈលោកបន្តទៀត ទៅតាមលទ្ធភាព ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងខ្វះខាតស្បៀងអាហារ និងសម្ភារៈផ្សេងៗ ជាបន្ទាន់ផងដែរ។
បន្ទាប់ពីការអំពាវរបស់អ្នកឧកញ៉ាខាងលើ គិតត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលថវិកាសរុបចំនួនជាង ៤៨,០០០ដុល្លារអាមេរិក។
សូមជម្រាប យោធាថៃ បាននិងកំពុងធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តខេត្តនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ទើរតែទាំងអស់ លក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលធ្វើឱ្យប្រជាជនកម្ពុជា បន្តភៀសសឹករាប់ម៉ឺននាក់៕





