សម្ដេចតេជោ ហ៊ុន សែន ផ្ដល់យោបល់ទៅនាយករដ្ឋមន្រ្ដី ពិចារណាផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងផ្ដល់យោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្លូវការ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាំងស្រុងថា  «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់

សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោល។ ផ្សែងពុលគ្រាប់បែកចង្កោម

ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។

ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។

ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។

វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។

សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។ សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ»៕