ប្រទេសកាណាដា កំពុងដាក់ចេញនូវកម្មវិធីជំនួយចំនួន ១,២ពាន់លានដុល្លារ ដើម្បីទាក់ទាញអ្នកស្រាវជ្រាវជំនាញ និងកំពូលៗមកពីជុំវិញពិភពលោក ខណៈពេលដែលសហរដ្ឋអាមេរិក កំពុងរឹតបន្តឹងទៅលើគោលនយោបាយអន្តោប្រវែសន៍របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

រដ្ឋាភិបាលកាណាដា បានប្រកាសកាលពីសប្តាហ៍មុនថា ការវិនិយោគនេះ នឹងត្រូវប្រើប្រាស់ក្នុងរយៈពេល ១២ឆ្នាំ ដើម្បីជ្រើសរើស និងគាំទ្រមនុស្សជាង ១ ០០០ នាក់ ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវឈានមុខគេ នៅទូទាំងវិស័យសំខាន់ៗ រួមទាំងវិជ្ជសាស្រ្ត និងវិទ្យាសាស្រ្ត។
លោកស្រី Melanie Joy រដ្ឋមន្ត្រីក្រសួងនវានុវត្តន៍ វិទ្យាសាស្រ្ត និងឧស្សាហកម្មរបស់ប្រទេសកាណាដា បានមានប្រសាសន៍ថា ៖” ខណៈពេលដែលប្រទេសមួយចំនួនកំពុងរឹតត្បិតសេរីភាពសិក្សា និងធ្វើឲ្យខូចដល់ការស្រាវជ្រាវក្នុងវិស័យទំនើបៗ ប្រទេសកាណាដាកំពុងបង្កើនការវិនិយោគរបស់ខ្លួនទៅលើវិស័យទាំងនេះវិញ”។
លោកស្រី Melanie បានសង្កត់ធ្ងន់ទៀតថា ការវិនិយោគទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារនេះ មានគោលបំណងធានាតួនាទីជាអ្នកដឹកនាំរបស់ប្រទេសកាណាដា ក្នុងការច្នៃប្រឌិត និងភាពប៉ិនប្រសព្វ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរយៈពេលវែង។
យ៉ាងណាមិញ ទោះបីជាលោកស្រី Melanie មិនបាននិយាយចំទៅលើឈ្មោះសហរដ្ឋអាមេរិកក៏ដោយ តែកម្មវិធីនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដើម្បីទាញយកមនុស្សមានទេពកោសល្យមកកាន់ប្រទេសកាណាដាវិញ ដោយសារតែគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់ប្រទេសជិតខាងខ្លួនមួយនេះ។
ជម្រាបជូនថា កាលពីខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលតម្រូវឱ្យមានថ្លៃបង់សេវាចំនួន ១០០ ០០០ដុល្លារ លើពាក្យសុំទិដ្ឋាការ H-1B ថ្មីពីពលករបរទេស ដោយមានគោលដៅលើកទឹកចិត្តអាជីវកម្មឱ្យជួលពលករក្នុងស្រុកជំនួស៕

