មហាសេដ្ឋីឥណ្ឌូណេស៊ី ដែលគ្រប់គ្រងទៅលើអាជីវកម្មរ៉ែមាស បានមើលឃើញទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំនេះ ដោយសារតែត្រូវបានជំរុញដោយការហក់ឡើងយ៉ាងខ្ពស់នៃតម្លៃមាសសកល។

យោងតាមរបាយការណ៍ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Garibaldi Thohir និងលោក Edwin Soeryadjaya បានទាញអត្ថប្រយោជន៍បានយ៉ាងច្រើនពីការកើនឡើងនេះ ដោយក្រុមហ៊ុនរ៉ែមាស Merdeka Gold Resources របស់ពួកគេ បានរៃអង្គាសទឹកប្រាក់ចំនួន ៤,៧ទ្រីលានរូពី (២៤០លានដុល្លារ) តាមរយៈការបោះផ្សាយលក់ IPO កាលពីក្នុងខែកញ្ញា។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា លោក Thohir បច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ១៩ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេនៅក្នុងប្រទេស ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៣,៤ពាន់លានដុល្លារ ខណៈពេលដែលលោក Edwin ជាប់ចំណាត់ថ្នាក់លេខ៤៥ ជាមួយទ្រព្យសម្បត្តិសរុប ១,៤ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Peter Sondakh ដែលគ្រប់គ្រងលើក្រុមហ៊ុនផលិតមាសធំជាងជាងគេមួយរបស់ប្រទេស Archi Indonesia ក៏បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន កើនឡើងប្រហែល ១ពាន់លានដុល្លារបន្ថែមទៀតផងដែរ ដែលធ្វើឲ្យទ្រព្យសរុបកើនឡើងដល់ ៣,១ពាន់លានដុល្លារ។
ជម្រាបជូនថា តម្លៃមាសអន្តរជាតិបានកើនឡើងជាង ៦០% ចាប់តាំងពីដើមឆ្នាំនេះមក ដល់ប្រហែល ៤ ៣៣៧ដុល្លារក្នុងមួយអោន ស្របពេលស្ថាប័ន Goldman Sachs ព្យាករថាតម្លៃមាសអាចនឹងបន្តកើនឡើងដល់ ៤ ៩០០ដុល្លារនៅឆ្នាំក្រោយ៕

