យោងតាមវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗនេះ ចំពេលមានរបាយការណ៍ថា ដំណើរទស្សនកិច្ចនេះអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែឧសភាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី១៥ ខែឧសភាថា នឹងប្រកាសអំពីព័ត៌មានជាក់លាក់នៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ក្នុងពេលឆាប់ៗនេះ។ ដោយសារតែវាកំពុងស្ថិតនៅក្នុងដំណើរការរៀបចំចុងក្រោយហើយ។
យ៉ាងណាមិញ បើតាមក SCMP បានបង្ហាញឲ្យដឹងទៀតថា មេដឹកនាំកំពូលរបស់រុស្ស៊ីរូបនេះ គ្រោងនឹងទៅប្រទេសចិន នៅថ្ងៃទី២០ ខែឧសភា ដោយបន្ថែមទៀតថា ដំណើរទេស្សនកិច្ចនេះ គ្រាន់តែជាការបបង្ហាញអំពីទំនាក់ទំនងធម្មតារវាងមេដឹកនាំទីក្រុងមូស្គូ និងទីក្រុងប៉េកាំងប៉ុណ្ណោះ។
ប្រសិនបើព័ត៌មានច្បាស់លាស់ពិតមែន នោះវានឹងក្លាយជាលើកដំបូងហើយដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំនៃប្រទេសមហាអំណាចដល់ទៅ ២ នៅក្នុងខែតែមួយ ដែលនេះក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយភាគីទាំងពីរ និងដាក់ខ្លួនជាមហាអំណាចកណ្តាល ក្នុងចំណោមអ្នកថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលកាន់តែបែកបាក់។
មិនតែប៉ុណ្ណោះ លោក Peskov បាននិយាយអំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ពូទីន ថា របៀបវារៈត្រូវបានកំណត់យ៉ាងច្បាស់លាស់រួចរាល់ហើយ។ អាទិភាពចម្បងគឺទំនាក់ទំនងទ្វេភាគី ភាពជាដៃគូយុទ្ធសាស្ត្រពិសេស រួមជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងទូលំទូលាយ ដែលនៅតែមានលើសពី ២០០ពាន់លានដុល្លារជាប់លាប់។
គួរជម្រាបជូនផងដែរថា ជុំវិញដំណឹងនេះ បានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែចាកចេញពីប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ខណៈពេលដែលមេដឹកនាំអាមេរិក ហាក់ទទួលបានភាគជោគជ័យយ៉ាងខ្លាំង ពីជំនួបដ៏ធំនេះ៕

