១៥ថ្ងៃនៃការឈ្លានពាន! ក្រសួងការពារជាតិ បង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ បង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៥ ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការពារជាតិ បានឱ្យដឹងថា ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងកាំភ្លើងគាំទ្របាញ់ចូលក្នុងភូមិសាស្ត្រថ្ម     ដូន។

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥

– ម៉ោង ១២:០៥នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់។

– ម៉ោង ៦:១៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ រថក្រោះបាញ់បុកចូលភូមិសាស្ត្រថ្មដូន និងប្រាសាទតាមាន់។

– ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ កាំភ្លើងគាំទ្រ និងដ្រូនចូលភូមិសាស្ត្រ ប្រាសាទតាមាន់។

ម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង  ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥

–  ម៉ោង ៥:៥០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។

–  ម៉ោង ៦:០៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាលើភូមិសាស្រ្តភូមិព្រៃចាន់។

–  ម៉ោង ៧:០៩នាទី យោធាថៃបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

–  ម៉ោង ៩:២៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៩នាក់ (ទារក១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច ។

ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កំបាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏សាហាវឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀតមកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។

យើងក៏អំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាមរយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម        សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ  ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លាន ពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង  ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ៕