មហាសេដ្ឋីកំពូលវៀតណាម លោក Pham Nhat Vuong ដែលជាបុគ្គលមានបំផុតទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឡើងដល់ចំណាត់ថ្នាក់លេខ ៧៣ នៅក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើងដល់ ៣ពាន់លានដុល្លារ បន្ថែមទៀត ក្នុងពេលត្រឹមតែមួយថ្ងៃ។

យោងតាម Forbes បានរាយការណ៍ឲ្យដឹងថា ការកើនឡើងនេះ បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក Vuong ឈានដល់ចំនួន ២៩,៦ពាន់លានដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup ដែលគ្រប់គ្រងដោយលោក Vuong បានកើនឡើង ៦,៩៤% នៅក្នុងការជួញដូរចុងក្រោយមួយ ស្របពេលក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត រួមមាន ក្រុមហ៊ុនបដិសណ្ឋារកិច្ច Vinpearl ប្រតិបត្តិករផ្សារទំនើប Vincom Retail និងក្រុមហ៊ុនអចលនទ្រព្យ Vinhomes ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។
ជម្រាបជូនផងដែរថា លោក Vuong បានក្លាយជាអ្នកមានបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលតិចជាងពីរសប្តាហ៍មុន ដោយស្ថិតនៅក្រោមមហាសេដ្ឋីថាមពលឥណ្ឌូណេស៊ី លោក Prajogo Pangestu ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៨,៦ពាន់លានដុល្លារ៕

