Tesla របូតតំណែងជាក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតរបស់ពិភពលោក ជាលើកដំបូង

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សរបស់ចិន BYD បានវ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូង ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងការលក់រថយន្តបានជិត ២,៣ លានគ្រឿង នៅក្នុងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និង CNBC បានរាយការណ៍អំពីការបាត់បង់តំណែងរបស់ Tesla ពីចំណាត់ថ្នាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបំផុតរបស់ពិភពលោក បន្ទាប់ពីការប្រកាសតួលេខនៃការលក់ប្រចាំឆ្នាំ២០២៥ របស់ខ្លួន។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀថា Tesla លក់រថយន្តសរុបបានចំនួន ១,៦៤ លានគ្រឿង កាលពីឆ្នាំមុន ដែលជាការថយចុះអស់ ៨,៦% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រុមហ៊ុន BYD ត្រូវបានគេរំពឹងថានឹងលក់រថយន្តចំនួន ២,២៦ លានគ្រឿង ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើង ២៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយសារតែការប្រកួតប្រជែងទីផ្សារខ្លាំង មតិប្រតិកម្មអវិជ្ជមានរបស់អ្នកប្រើប្រាស់ និងការដកចេញនូវការលើកទឹកចិត្តសម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកជាដើម។

ទន្ទឹមនឹងនេះ BYD បន្តកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួននៅអឺរ៉ុប ជាកន្លែងដែលមិនសូវអំណោយផលដល់ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ចាប់តាំងពីរូបលោកចូលប្រឡូកក្នុងឆាកនយោបាយមក។ យោងតាម ​​BYD ការលក់នៅក្នុងទីផ្សារនៅខាងក្រៅប្រទេសចិនត្រូវបានគេព្យាករថានឹងឈានដល់ចំនួនកំណត់ត្រា ១ លានគ្រឿងនៅឆ្នាំ២០២៥ ដែលជាការកើនឡើងប្រហែល ១៥០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕​